(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះតទៅ អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព នឹងត្រូវពិន័យជាប្រាក់ចំនួន១៥,០០០រៀល បន្ថែមពីការឃាត់តម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការប្រកាសដាក់ចេញវិធានការផាកពិន័យនេះ ធ្វើឡើងបន្ទាប់ពីនគរបាលចរាចរណ៍ បើកយុទ្ធនាការជំរុញការពាក់មួកសុវត្ថិភាពទូទាំងប្រទេសរយៈពេល១ខែពេញ ដោយបានធ្វើការអប់រំ តម្រូវឲ្យពាក់មួកសុវត្ថិភាពរួចមក។

វិធានការនេះបានអនុវត្តតាមការណែនាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សំដៅកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ ចំពោះអ្នកជិះម៉ូតូដែលមានចំនួនខ្ពស់ ដល់ទៅ៧៥%នៃជនរងគ្រោះសរុប។

ក្នុងរយៈពេល១ខែកន្លងមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំធ្វើការអប់រំ តម្រូវឲ្យពាក់មួកសុវត្ថិភាព ដល់អ្នកជិះម៉ូតូនៅទូទាំងប្រទេសចំនួន ១០៧,៤១២នាក់។

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្តដឹកនាំការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ហើយសូមអំពាវនាវដល់អ្នកជិះម៉ូតូ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបើកបរប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ ដើម្បីទទួលបានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍គ្រប់ពេលវេលា៕