(សៀមរាប)៖ តាមរយៈកម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌពិភពលោកនៅអង្គរ យុវជន១៨នាក់ មកពី៨ប្រទេស រួមមាន កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន ទទួលបានបទពិសោធន៍យ៉ាងច្រើន កំលុងពេលទទួលការបណ្តុះបណ្តាលអំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។
តាមរយៈកម្មវិធីនេះដែរ ពួកគេក៏បានផ្លាស់ប្តូរបទពិសោធន៍យ៉ាងច្រើន ពាក់ព័ន្ធនឹងជាមួយវិស័យបេតិកភណ្ឌ ក៏ដូចជាការងារចូលរួមជាមួយសហគមន៍ ក្នុងនោះកញ្ញា Juanita Erasso យុវជនស្ម័គ្រចិត្តមកពីប្រទេសកូឡុំប៊ី បានឱ្យដឹងថា នេះជាលើកទីមួយហើយដែលកញ្ញាបានចូលរួមជាយុវជនស្ម័គ្រចិត្តនៅរមណីយដ្ឋានអង្គរ និងបានស្វែងយល់អំពីការគ្រប់គ្រង ជួសជុល អភិរក្ស សហគមន៍ និងយល់ដឹងពីក្រមប្រតិបត្តិអង្គរដែលជាចំណុចដែលទេសចរគ្រប់រូបត្រូវប្រតិបត្តិ។
កញ្ញាកូឡុំប៊ីរូបនេះបានបន្តថា រមណីយដ្ឋានអង្គរជាបុរាណដ្ឋានបុរាណវិទ្យាមានវិសាលភាពធំមួយ ហើយនៅទីនេះមានប្រជាជនរស់នៅ បន្តគោរពប្រតិបត្តិនូវជំនឿសាសនារបស់ខ្លួនយ៉ាងរស់រវើក។ រីឯការគ្រប់គ្រងបេតិកភណ្ឌវិញ មានភាពខុសគ្នាពីប្រទេសកូឡុំប៊ី តែស្ថិតក្នុងគោលដៅថែរក្សាបេតិកភណ្ឌមនុស្សជាតិតែមួយ ហើយកញ្ញានឹងយកបទពិសោធន៍ដ៏ល្អនេះ ទៅចែករំលែកនៅប្រទេសរបស់ខ្លួនលើវិស័យបេតិកភណ្ឌ។
លោក ជុំ សៀកហ៊ យុវជនស្ម័គ្រចិត្តមកពីមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រុមយុវជនបានទៅស្វែងយល់តាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ហើយទីតាំងនីមួយៗខុសប្លែកគ្នា តួយ៉ាងការជួសជុលប្រាសាទឥដ្ឋ ជួសជុលថ្ម ការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ការអភិរក្សកុលាលភាជន៍ និងសហគមន៍ជាដើម។
លោកបន្តថា វគ្គបណ្តុះបណ្តាលបានផ្តល់នូវចំណេះដឹងជាច្រើន ជាពិសេសអំពីវិធីសាស្រ្តជួសជុលដែលមានលក្ខណៈស្មុគ្រស្មាញ ដែលកន្លងលោកមិនធ្លាប់ដឹង ហើយសកម្មភាពទាំងនោះ កាន់តែជំរុញទឹកចិត្តយុវជនឱ្យស្រលាញ់មរតកដូនតាថែមទៀត។
លោកបន្ថែមទៀតថា នឹងយកចំណេះដឹងទាំងនោះទៅប្រើជាប្រយោជន៍នៅស្ថាប័នរបស់លោក និងសូមឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ ដើម្បីបង្កើនទំនាក់ទំនងរវាងយុវជន និងយុវជនជាលក្ខណៈសកល។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញការជឿជាក់ថា ពេលមនុស្សស្គាល់អ្វីមួយច្បាស់ គេនឹងចាប់ផ្ដើមស្រលាញ់ និងគោរព ពេលនោះគេនឹងមានចិត្តចង់ការពារឱ្យគង់វង្សយូរអង្វែង និងចែករំលែកដល់អ្នកដទៃឱ្យបានយល់ដែរ។
ហេតុដូច្នេះបានជាមានការរៀបចំកម្មវិធីនេះ ដើម្បីឱ្យយុវជនបានយល់ពីតំម្លៃអង្គរ និងរឿងរ៉ាវនានាដែលនៅពីក្រោយភាពដ៏អស្ចារ្យនេះ។ ជាគំនិតស្នូល មិនសម្រាប់តែអង្គរប៉ុណ្ណោះទេ គឺសម្រាប់តំបន់បេតិកភណ្ឌនៅជុំវិញពិភពលោក ដែលយើងគ្រប់គ្នាគួរតែស្វែងយល់។
លោកក៏បានសំណូមពរឲ្យយុវជនទាំងនោះ ពេលត្រលប់ទៅវិញ នឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងពីទីនេះទៅកាន់គ្រួសារ មិត្តភក្តិ និងសហគមន៍របស់ពួកគេ។
សូមបញ្ចាក់ដែរថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌពិភពលោកនៅអង្គរ មានរយៈពេល១៣ថ្ងៃ ថ្ងៃទី៧-១៩ ខែសីហា ឆ្នាំ២០១៩ តាមរយៈកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការងារអភិរក្ស និងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរ តាមរយៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាទៅដល់យុវជនជំនាន់ក្រោយ៕