(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោទង និងលោក តាត់ ជីឡៅ ប្រធានក្រុមហ៊ុនតាត់ ជីឡៅ រៀល អ៊ីស្ទេត & ខនស្ត្រាក់សិន បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរលាំងគ្រើល មេភូមិទាំង ២៦ភូមិ និងប្រជាការពារ ២៦០នាក់ ក្នុងការពង្រឹងការងារភូមិ-ឃុំ មានសុវត្តិភាព និងប្រគល់ជូននៅសម្ភារ ព្រមទាំងថវិកាផងដែរ។
ថ្លែងទៅកាន់ប្រជាការពារលោក ស៊ឹម រតនៈ បានលើកឡើងថា ថ្ងៃនេះតាមរយៈលោក តាត់ ជីឡៅ ឃុំរលាំងគ្រើល ក៏ដូចជា ភូមិមួយទាំង២៦ បានទទួលនៅអំណោយជាខោអាវ ២៦០កំប្លេ និងវិទ្យុទាក់ទងចំនួន ១០០គ្រឿង ជូនដល់ប្រជាការពារ សម្រាប់ប្រើប្រាស់ការងារការពារសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកអភិបាលស្រុកបន្តថា ក្រុមហ៊ុនកំពុងដំណើរការជួសជុលផ្លូវក្នុងភូមិព្រៃសិលា ក្នុងនាមរដ្ឋបាលភូមិ និងឃុំត្រូវសម្របសម្រួលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានឆាប់ និងមានការយោគយល់ រាល់ការប៉ះពាល់បន្តិចបន្តួចតាមរយៈរូបភាព នៃការអភវឌ្ឍន៍ ដោយលោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍រមែងតែងមានការប៉ះពាល់តិចច្រើនមិនខានឡើយ ដោយយើងត្រូវចេះអនុគ្រោះ យោគយល់គ្នាកុំបីខាន។
ជាមួយគ្នានេះ លោក តាក់ ជីឡៅ ក៏ជួយឧបត្ថម្ភការកសាង និងជួសជុលសាលាឃុំរលាំងគ្រើលចំនួន ៣០០០ដុល្លារ ជួយកសាងបន្ទប់ទឹកចំនួន ១៥០០ដុល្លារ ជួយភូមិព្រៃសិលាមេក្រូ និងធុងបាស់មួយឈុត រួមទាំងផ្លូវក្នុងភូមិទាំងអស់ និងបានឧបត្ថម្ភស៊ីម៉ង់ ៥០តោន ស្មើ ៥០០០ដុល្លារសម្រាប់ការកសាងអាគារគណបក្សស្រុកសំរោងទងផង។
លោកប្រធានក្រុមហ៊ុន បានសន្យានៅតែបន្តជួយអភិវឌ្ឍន៍ ក្នុងមូលដ្ឋានបន្តទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសន្តិសុខសុវត្តិភាព ប្រកបដោយការអភិវឌ្ឍន៍ផងដែរ៕