Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ប្រាប់មន្ត្រីក្រោមឱវាទ ត្រូវបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ទន់ភ្លន់ ប្រកបដោយក្រមសីលធម៌ និងភាពថ្លៃថ្នូរ

19-08-2019 17:45

(ព្រះវិហារ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារលោក សំ លាងទ្រី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ប្រកាន់ភ្ជាប់នូវឥរិយាបទជាមន្ត្រីល្អ ជាអ្នកបំរើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងទន់ភ្លន់ប្រកបដោយវិជ្ជាជីវៈក្នុងនាមជាមន្ត្រីរាជការ។

ការណែនាំបែបនេះ បានធ្វើឡើង ក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែលើកទី៨ ដើម្បីឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក សំ លាងទ្រី បានប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ទើរតែគ្រប់វេទិកា និងកិច្ចប្រជុំនានា តែងតែណែនាំផ្តាំផ្ញើឲ្យមន្ត្រីរាជការយើងទាំងអស់គ្នា ខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការបំរើសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋយើង គឺត្រូវបំរើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ថ្លៃថ្នូរ និងមានក្រមសីលធម៍វិជ្ជាជីវៈ។

លោក សំ លាងទ្រី ក៏បានកោតសរសើរ និងអរគុណដល់មន្ត្រីសាធារណការ និងដឹកជញ្ជូនក្នុងខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងរយៈពេលកន្លងមកនេះ រួមមាន ការងារជួសជុលថែទាំផ្លូវថ្នល់ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ពិសេសត្រូវប្តេជ្ញាអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឲ្យបានជាដាច់ខាត។

នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរ ក៏បានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដូចជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្តីជូនដំណឹងនានាដល់មន្ត្រីក្រោមឱវាទឲ្យបានដឹង និងយល់ជ្រួតជ្រាប សម្រាប់ជាទុនយកទៅអនុវត្តការងារនៅខែបន្តទៀតឲ្យកាន់តែមានប្រសិទ្ធិភាព។

លោកក៏បានប្រគល់សម្ភារការិយាលយ័មួយចំនួនដូចជា តុ កៅអី កំព្យូទ័រ ដល់ការិយាល័យច្រកចេញចូលតែមួយ សម្រាប់បំរើលើវិស័យសាធារណការ នៅស្រុករវៀង និងការិយាល័យ ប្រជាពលរដ្ឋនៅសលាខេត្តព្រះវិហារផងដែរ៕