(ក្រចេះ)៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តក្រចេះ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលសហការរៀបចំឡើងដោយ វ.ស.ស. និងរដ្ឋបាលខេត្តក្រចេះ ដោយមានអ្នកចូលរួមប្រមាណ ១៥០នាក់ពីបណ្តាមន្ទីរ-អង្គភាពចំណុះសាលាខេត្ត អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងខេត្ត។
តាមរយៈវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិលបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់អំពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ក៏ដូចជាសិទ្ធិ កាតព្វកិច្ច និងតួនាទីដ៏សំខាន់របស់អង្គការសង្គមស៊ីវិលទាំងអស់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងការសម្រេចបានជោគជ័យនូវគោលដៅទាំង ១៨ចំណុច នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ បន្ថែមពីនេះ បញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងនានារបស់តំណាងអង្គការសង្គមស៊ីវិល ត្រូវបានលើកយកមកពិភាក្សាយ៉ាងផុសផុល ក្នុងគោលដៅរួមគ្នាស្វែងរកដំណោះស្រាយ ជាមួយអាជ្ញាធរមូលដ្ឋាននិងរដ្ឋបាលខេត្ត ដោយត្រង់ទៅត្រង់មកនិងក្នុងបរិយាកាសរីករាយនិងស្និទ្ធិស្នាល។
ឆ្លៀតឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលនាពេលកន្លងមក ដូចបានលើកឡើងនៅក្នុងចំណាប់អារម្មណ៍របស់លោកប្រធានបណ្តាញអង្គការមិនមែនរដ្ឋាភិបាលនៃខេត្តក្រចេះ។ លោកប្រធានក្រុមប្រឹក្សាភិបាលបានគូស បញ្ជាក់អំពីសារៈសំខាន់នៃការទទួលស្គាល់នូវគុណតម្លៃគ្នាទៅវិញទៅមករវាងអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងការសម្រេចបាននូវសមិទ្ធផលរួម សម្រាប់ជាផលប្រយោជន៍ប្រជាពលរដ្ឋ។ លោកក៏បានបង្ហាញការគាំទ្រផងដែរ ចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្តក្រចេះ ក្នុងការបង្កើតបញ្ជីបញ្ហារួមនៅតាមបណ្តាសហគមន៍ ដើម្បីបង្កលក្ខណៈងាយស្រួលបន្ថែមក្នុងការពិនិត្យដោះស្រាយរួមគ្នា ប្រកបដោយប្រសិទ្ធិភាព។ លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូប្រកបដោយឆន្ទៈស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ចូលរួមគោរពអនុវត្តច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ ដើម្បីចូលរួមបម្រើបុព្វហេតុជាតិនិងប្រជាពលរដ្ឋ៕