(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ចមួយឈានមុខគេនៅកម្ពុជា និងជាសមាជិក នៃធនាគារជាតិ កាណាដា និង TrueMoney ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈានមុខគេលំដាប់ទី១ នៅកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហានេះ បានប្រកាសជាផ្លូវការនូវភាពជាដៃគូ ដែលផ្តល់នូវការទូទាត់ប្រាក់កម្ចីងាយស្រួល និងសេវាផ្ទេរប្រាក់ ទៅអតិថិជនរបស់ពួកគេ។
ស្ថិតក្រោមភាពជាដៃគូនេះ អ្នកខ្ចីប្រាក់កម្ចីរបស់ធនាគារ ABA អាចដាច់សាច់ប្រាក់ចូលគណនីធនាគារ ABA តាមរយៈបណ្តាញភ្នាក់ងារ ឬសាខា TrueMoney ដែលមានច្រើនជាងគេ រហូតដល់១០,០០០ភ្នាក់ងារទូទាំងប្រទេស។ លើសពីនេះអតិថិជន អាចផ្ទេរប្រាក់បានយ៉ាងរលូន រវាងគណនី ABA និងគណនី TrueMoney ដោយប្រើប្រាស់ ABA Mobile និង TrueMoney App គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
សេវាសងប្រាក់កម្ចី ជួយសម្រួលដល់អតិថិជន ABA ដែលទីតាំងអាជីវកម្ម ឬលំនៅដ្ឋានស្ថិតនៅជិតភ្នាក់ងារ TrueMoney ដោយមិនចាំបាច់ទៅកាន់សាខារបស់ធនាគារ ABA ដោយផ្ទាល់។ ដំណើរការនៃការសងប្រាក់កម្ចី មានល្បឿនលឿន និងសាមញ្ញ ដោយអតិថិជនធនាគារ ABA គ្រាន់តែប្រាប់ភ្នាក់ងារ TrueMoney នូវលេខគណនី៩ខ្ទង់ និងលេខទូរស័ព្ទ ជាមួយនឹងទឹកប្រាក់ដុល្លារ ឬប្រាក់រៀលដេលត្រូវបង់ជាស្រេច។ បន្ទាប់ពីប្រតិបត្តិការត្រូវបានបញ្ចប់ អតិថិជននឹងទទួលបានការជូនដំណឹង តាមរយៈសារជាអក្សរ និងតាមរយៈ ABA Mobile ។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារអេប៊ីអេ បានថ្លែងថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ផ្ដើមភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន TrueMoney ស្ដីពីការសងប្រាក់កម្ចី និងសេវាផ្ទេរប្រាក់។ ដំណាក់កាលដំបូងនៃកិច្ចសហប្រតិបត្តិការរបស់យើង នៅចុងឆ្នាំ២០១៨ ជួយអតិថិជនឥណទានរាប់ពាន់នាក់របស់យើង ឱ្យបំពេញបន្ថែមគណនីធនាគាររបស់ពួកគេ យ៉ាងងាយស្រួល សន្សំសំចៃពេលវេលា និងការខិតខំប្រឹងប្រែង។
លោកបន្តថា «ចាប់ពីពេលនេះតទៅ អតិថិជនរបស់យើង ក៏អាចផ្ទេរប្រាក់ទៅ TrueMoney App ហើយប្រើវាដើម្បីទិញទំនិញ សេវាកម្ម ទិញសំបុត្រកុន ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ពីមួយទៅមួយ ហើយអាចដកប្រាក់ តាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នី នៅទូទាំងខេត្តក្រុង។ នេះគឺជាជំហានដ៏ធំមួយទៀត សម្រាប់ការដាក់បញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និងការពង្រីកសេវាកម្មធនាគារទំនើបដល់ប្រជាជន»។
លោកស្រី Thi Thom Pham នាយកទីផ្សារប្រចាំតំបន់អាស៉ីអាគ្នេយ៍ នៃក្រុមហ៊ុនមេរបស់ទ្រូម៉ាន់នីកម្ពុជា ថ្លែងថា ទ្រូម៉ាន់នីគឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធហិរញ្ញវត្ថុទំនើបថ្នាក់តំបន់ ដែលទទួលបានពានរង្វាន់ក្នុងការផ្ដល់នូវសេវា សម្រាប់អ្នកខ្វះលទ្ធភាពប្រើប្រាស់សេវាធនាគារនិងឌីជីថល។ យើងបម្រើអតិថិជនជាង ៤០លាននាក់ ក្នុង៦ប្រទេសនៅទូទាំងអាស៉ីអាគ្នេយ៍ ដែលបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុន នាំមុខគេលើទីផ្សារយ៉ាងឆាប់រហ័ស។ ភាពជាដៃគូនេះធនាគារអេប៊ីអេ ដែលជាធនាគារមួយ មានប្រជាប្រិយភាពបំផុតម នឹងជួយកែលម្អជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ដោយផ្ដល់ភាពងាយស្រួល ដល់ពួកគេក្នុងការផ្ទេរប្រាក់ ព្រោះពួកគេអាចផ្ទេរប្រាក់ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ក៏ដូចជាសងប្រាក់កម្ចីអេប៊ីអេ សូម្បីតែនៅតំបន់ជនបទដាច់ស្រយាលក៏ដោយ តាមរយៈភ្នាក់ងាររបស់យើង នៅទូទាំងខេត្តក្រុងពាក្យពេញផ្ទៃប្រទេស។
ឆ្លៀតឱកាសនៃការប្រកាសជាផ្លូវការនេះ លោកស្រីបានបន្ថែមថា «អតិថិជន ABA និងអតិថិជន TrueMoney នឹងទទួលបានការផ្តល់ជូនជាពិសេសបន្តបន្ទាប់ គួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលពួកយើងកំពុងរៀបចំ សម្រាប់អតិថិជនដើម្បីរីករាយទាំងអស់គ្នា ដូច្នេះសូមរង់ចាំតាមដានថា តើយើងនឹងធ្វើការផ្ដល់ជូនអ្វីជាពិសេសខ្លះ ក្នុងពេលឆាប់ខាងមុខនេះ»៕