(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានថ្លែងថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធផលផ្សេងៗជាច្រើន ជូនសង្គមជាតិ ហើយជាការពិតណាស់ការរីកចម្រើនរបស់ព្រះពុទ្ធចក្រ និងអាណាចក្រ ត្រូវទន្ទឹមគ្នា និងផ្ដល់ដល់គ្នាទៅវិញទៅមក។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៧ នៅសាលប្រជុំធំខេត្តស្វាយរៀង។
ពិធីនេះមានការចូលពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រមទាំងមន្រ្តីសង្ឃ ព្រះសង្ឃ អាចារ្យ និងគណៈកម្មាការវត្ត ជិត១,០០០អង្គ/នាក់។
ដើម្បីចូលរួមជាវិភាគទាន នៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧ នៅខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន៨ចំណុចដូចជា៖
ទី១៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និង ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរឹងមាំល្អផូរផង់។
ទី២៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើង តាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អ ជាពុម្ពដ៏ល្អដល់ពុទ្ធបរិស័ទ និងរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។
ទី៣៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់កិច្ចសហប្រតិបត្តិការល្អឡើងថែមទៀត ជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ក៏ដូចជាការិយាល័យធម្មការ និងសាសនា គ្រប់ក្រុង-ស្រុក ដើម្បីសហការបំពេញការងារឲ្យកាន់តែទទួលលទ្ធផលល្អ ប្រកបដោយការយោគយល់គ្នា និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
ទី៤៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កម្រិត ឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលី ភាសាសំស្ក្រឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយដ៏ល្អប្រពៃក្នុងសង្គមជាតិ។
ទី៥៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការងាររដ្ឋបាលវត្ត និងផ្សព្វផ្សាយព្រះធម៌ តាមមធ្យោបាយនានា ដើម្បីជួយសតិអារម្មណ៍ពុទ្ធបរិស័ទឲ្យប្រព្រឹត្តអំពើល្អ ប្រកាន់សច្ចធម៌សង្គម និងជៀសវាងអំពើបាបគ្រប់ប្រភេទ។
ទី៦៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ គប្បីចលនាព្រះសង្ឃពុទ្ធសាសនា ឱ្យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយទប់ស្កាត់កុំឱ្យមានគ្រឿងញៀន និងបង្កលក្ខណៈឱ្យមានការគោរពច្បាប់ចរាចរណ៍ក្នុងសង្គម តាមរយៈការបញ្ជ្រាបព្រះធម៌ទេសនានានា ការអប់រំតាមសាលារៀន តាមសហគមន៍ ដើម្បីកាត់បន្ថយនូវភាពវិនាសអន្តរាយដោយសារឥទ្ធិពលគ្រឿងញៀន។
ទី៧៖ មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវបន្តជំរុញឱ្យភិក្ខុ សាមណេរ ក្រោមឱវាទរបស់ខ្លួនសិក្សារៀនសូត្រធម៌វិន័យ ឱ្យបានចេះចាំស្ទាត់ជំនាញ និងបដិបត្តិនូវព្រះធម្មវិន័យឱ្យបានដ៏ប្រសើរខ្ពង់ខ្ពស់ ព្រមទាំងបង្កើតឱ្យមានកម្មវិធីចម្រើនសមាធិកម្មដ្ឋាន ដើម្បីអប់រំហាត់ តម្រង់ចិត្តគំនិតឱ្យសុខស្ងប់ និងរំងាប់បង់នូវ លោភៈ ទោសៈ និង មោហៈ ចេញពីសន្តានចិត្ត ។
ទី៨៖ ព្រះចៅអធិការវត្ត គ្រប់វត្តទូទាំងខេត្តត្រូវយកចិត្តទុកដាក់ថែរក្សា អភិរក្សនូវគម្ពីរសាស្រាស្លឹករឹត ក្បួនច្បាប់ផ្សេងៗ ក្នុងនោះក៏ត្រូវចេះការពារថែទាំធម្មជាតិ អភិរក្សរាល់សំណង់បុរាណ ដើម្បីរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ ទេសចរណ៍ និងបរិស្ថានសង្គម ដោយស្របតាមព្រះវិន័យ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនា៕