(ភ្នំពេញ)៖ រយៈពេល ១១ថ្ងៃកន្លងមកហើយ ដែលក្រុមអាជីវករផ្សារសេនជូរីផ្លាហ្សារជាង ១០០នាក់ តំណាងឲ្យជាង ៨០០នាក់ នាំគ្នាធ្វើការតវ៉ារារាំង មិនឲ្យក្រុមហ៊ុនធ្វើការរុះរើផ្សារចាស់ ដើម្បីសាងសង់ផ្សារថ្មីទំនើប ដែលមានកម្ពស់ ៧ជាន់ ដោយពួកគាត់ថា ធ្វើបែបនេះ ក្រុមហ៊ុនទទួលបានប្រយោជន៍ច្រើន ប៉ុន្តែសម្រាប់ពួកគាត់ ត្រូវខាតប្រយោជន៍ទាំងស្រុង និងជួបការលំបាកគ្មានលទ្ធភាព ចូលលក់នៅផ្សារទំនើប និងគ្មានលុយសម្រាប់បង់ធនាគារ។
ដោយសារតែធ្វើការតវ៉ាច្រើនថ្ងៃកន្លងមកហើយ គ្មានដំណោះស្រាយ ទើបវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ពួកគាត់បាននាំគ្នាបិទមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខផ្សារសេនជូរីផ្លាហ្សា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង រហូតមានការចុះទៅសម្របសម្រួល ពីសំណាក់អាជ្ញាធរទើបពួកគាត់ព្រមដកថយវិញ។
អាជីវករ បាននិយាយថា ពួកគាត់ជាអ្នកលក់តាមកញ្រ្ចែង អត់មានស្តង់ និងតូបនោះ ដែលងាយនិងរងគ្រោះ ជួបការលំបាកបំផុត ប្រសិនបើក្រុមហ៊ុនរុះរើផ្សារ ដែលកំពុងលក់ដូរ ដោយសុខសាន្តនាពេលនេះ ព្រោះពួកគាត់សុទ្ធ តែខ្ចីលុយធនាគារមករកស៊ី បើរុះរើផ្សារចាស់ចោល សាងសង់ផ្សារទំនើបថ្មីឡើងវិញ ពួកគាត់គ្មានលទ្ធភាព និងចូលលក់ដូរក្នុងផ្សារថ្មីទំនើបនោះទេ។ ដូច្នេះពួកគាត់នឹងបាត់បង់កន្លែងលក់ដូរហើយ ជួបការលំបាកគ្មានលទ្ធភាពរកលុយបង់ធនាគារឡើយ។
អាជីវករដដែលបន្ដថា ដូច្នេះទើបពួកគាត់ធ្វើការតវ៉ា គឺដើម្បីសុំឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដល់ពួកគាត់ធ្វើយ៉ាងណា សុំឲ្យក្រុមហ៊ុនរក្សាទុកផ្សារចាស់នេះដដែលសិន កុំអាលរុះរើសាងសង់ថ្មីអី ព្រោះពួកគាត់ខ្លះ បានលក់ដូរនៅក្នុងផ្សារស៊ីនជូរីផ្លាហ្សារនេះ ម្នាក់ៗ រយៈពេលជាង ១០ឆ្នាំ និងអ្នកខ្លះទៀតរហូតដល់ទៅជាង ២០ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីកើតឡើងឡើយ។
អាជីវករខាងលើ បានបន្តថា សព្វថ្ងៃអ្នកលក់ចល័តគ្មានតូប និងស្តង់ដូចជាពួកគាត់ ដែលកំពុងតវ៉ានេះ មានចំនួន ៨០២កន្លែង រីឯអ្នកមានតូបត្រឹមត្រូវមានចំនួន ៣៤១តូប និងអ្នកមានស្តង់ចំនួន ៣២៦ស្តង់ ហើយសរុបការលក់ដូរ បូករួមទាំងអស់ចំនួន១,៤៦៩កន្លែង ។
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានដំណឹងថា ខាងក្រុមហ៊ុនមានគម្រោងរុះរើផ្សារ ដើម្បីសាងសង់ថ្មីនោះ ពួកគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាភ្លាមៗដែរ ដើម្បីសុំឲ្យកុំឲ្យមានការរុះរើ និងសុំឲ្យអាជ្ញាធរជួយដោះស្រាយ ប៉ុន្តែដោយសារតែគ្មានការដោះស្រាយ ទើបនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ពួកគាត់សម្រេចចិត្តនាំគ្នាបិទផ្លូវក្នុងបំណងពន្លឿន ឲ្យមានការដោះស្រាយបានឆាប់។
មិនតែប៉ុណ្ណោះ នៅព្រឹកថ្ងៃទី២០ ខែសីហា ពួកគាត់នឹងប្រមូលផ្ដុំគ្នាជាថ្មី ហើយលើកគ្នាទៅកាន់មុខភូមិគ្រឹះរបស់សម្ដេចតេជោ ដើម្បីឲ្យសម្ដេចឃើញ និងជ្រាបពីទុក្ខលំបាកពួកគាត់ដោយ ផ្ទាល់តែម្ដង។ ដោយឡែក ខាងក្រុមហ៊ុនផ្សារ បានបានចេញគោលការណ៍យ៉ាងច្បាស់លាស់ ស្ដីពី ការសាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សាមានចំនួន ១៩ចំណុច និងចែកចេញជា៣ផ្នែក។
នៅក្នុងខ្លឹមសារខាងលើនោះ ក៏បានបញ្ជាក់ពីកិច្ចសន្យាផ្សេងៗ រវាងក្រុមហ៊ុន និងអាជីវករ និងគម្រោងសាងសង់ផ្សារ ដែលមានកម្ពស់៧ជាន់ ព្រមទាំងកការជួលដីរដ្ឋ ដើម្បីបង្កើតផ្សារបណ្ដោះអាសន្ន នៅសួនកុមារសម្រាប់ឲ្យអាជីវករទាំងអស់លក់ដូរជាបណ្ដោះអាសន្ន។ ទំរាំការសាងសង់ផ្សារថ្មីហើយរួចរាល់ជាស្ថាពរ តាមកាលបរិច្ឆេទរយៈពេល ២៤ខែផងដែរ៕