(ភ្នំពេញ)៖ ក្រុមហ៊ុនធំចំនួន៨ផ្សេងៗគ្នា ដែលមានដូចជា ក្រុមហ៊ុន DKSH, ក្រុមហ៊ុន Engold, ក្រុមហ៊ុន Dynamic, អង្គការ USAID, ក្រុមហ៊ុន ព្រូដែនសល,ក្រុមហ៊ុន iOne, ក្រុមហ៊ុន គួងសៀន និងក្រុមហ៊ុន PPM បានចូលរួមបង្ហាញពីឱកាសការងារពីស្ថាប័នរបស់ខ្លួន ក្នុងសន្និសីទអាជីពការងារលើកទី១ របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជូនដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ មុននឹងប្រឡងបញ្ចប់ការសិក្សា ដើម្បីអាចឱ្យនិស្សិតទាំងអស់ មានឱកាសស្វែងរកការងារ នៅពេលដែលពួកគេបានបញ្ចប់ការសិក្សា។
សន្និសីទអាជីពការងារលើកទី១ របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រនេះដែរ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោកសាស្ត្រចារ្យ Ian Findlay សាលកវិទ្យាធិការ នៃសាលកវិទ្យាល័យពុទ្ធិសាស្ត្រ និងដោយមានការចូលរួមពីនិស្សិត និងតំណាងក្រុមហ៊ុន ដែលបានផ្តល់ឱកាសការងារជាច្រើនរូបផងដែរ។
លោកសាស្ត្រចារ្យ Ian Findlay បានថ្លែងថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំសន្និសីទអាជីពការងារលើកទី១នេះឡើង គឺដើម្បីឱ្យនិស្សិត ដែលបានរៀននៅសាលកវិទ្យាល័យ មានទំនុកចិត្តក្នុងការស្វែងរកការងារ ពេលបានបញ្ចប់ការសិក្សារបស់ខ្លួន ជាមួយនឹងការជួយជំរុញលើកទឹកចិត្តដល់និស្សិតបន្ថែមទៀត នឹងដោយមានការអញ្ជើញវាគ្មិនមកពីគ្រប់ស្ថាប័នទាំងស្ថាប័នរដ្ឋ និងឯកជន ដើម្បីមកធ្វើការចែករំលែក ជាមួយនឹងបទពិសោធន៍ និងចំណោះដឹងខាងផ្នែកវិជ្ជសាស្ត្រ ដើម្បីនិស្សិតទាំងអស់បានយល់ដឹងបន្ថែមកាន់តែច្រើនថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួន មុនពេលបញ្ចប់ពីសាកលវិទ្យាល័យទៅ។
លោក Ian Findlay បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាសាកលលវិទ្យាល័យទី១ ដែលបានជួយដល់និស្សិត មុនពេលបញ្ចប់ការសិក្សារបស់ខ្លួន ដោយបានរៀបចំជាកម្មវិធីជាច្រើន ដើម្បីជួយជំរុញឱ្យនិស្សិតទាំងអស់ បានយល់ច្បាស់ពីការសិក្សាលក្ខណទាន់សម័យ និងទំនើប ដោយសាកលវិទ្យាល័យបានរៀបចំជាបន្ទប់ពិសោធន៍ លើគ្រប់ផ្នែកគ្រប់ជំនាញទាំងអស់ ជូនដល់និស្សិតដើម្បីជួយពង្រឹងសមត្ថភាពបន្ថែមកាន់តែច្រើន ដល់និស្សិតមុនពេលបញ្ចប់ពីសាកលវិទ្យាល័យផងដែរ។
លោកសាស្ត្រចារ្យ Ian Findlay ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលបានចូមរួមឧបត្ថម្ភ និងផ្តល់ជាឱកាសការងារ ដល់និស្សិត ដែលមានដូចជា ក្រុមហ៊ុន DKSH ក្រុមហ៊ុន Engold ក្រុមហ៊ុន Dynamic អង្គការ USAID ក្រុមហ៊ុន ព្រូដែនសល ក្រុមហ៊ុន iOne ក្រុមហ៊ុន គួងសៀន និងក្រុមហ៊ុន PPM ដែលបានចូលរួមដើម្បីបង្ហាញពីឱកាសការងារជូនដល់និស្សិត ដើម្បីឱ្យនិស្សិតបានស្វែងយល់កាន់តែច្បាស់ពីមុខជំនាញដែលពួកគេអាចជ្រើសរើស ក្រោយពេលបញ្ចប់ការសិក្សា៕