(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូត ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ រៀបចំវេទិកាពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ នៅឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង។
វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីស្វែងយល់ អំពីបញ្ហាប្រឈមរបស់ពួកគាត់ នៅតាមមូលដ្ឋាន ប្រយោជន៍ចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។
លោក ឈុំ សុជាត បានឱ្យដឹងថា នៅក្នុងមូលដ្ឋានស្រុកសំឡូត ក្រុមការងាររបស់លោកបានរៀបចំវេទិកាពិគ្រោះយោបល់ ស្តាប់កង្វល់ប្រជាពលរដ្ឋ នៅឃុំចំនួន៥ រួចហើយក្នុងនោះរួមមាន៖ ឃុំមានជ័យ ឃុំសំឡូត ឃុំកំពង់ល្ពៅ ឃុំតាតោក ឃុំតាសាញ។ លោកបញ្ជាក់ថា ក្រុមការងារ នឹងបន្តបើកវេទិកានៅឃុំចំនួន២ទៀត គឺនៅឃុំអូរសំរិលឃុំស៊ុង។
នៅក្នុងឱកាសវេទិកាពិគ្រោះយោបល់ នៅឃុំតាសាញ់ ប្រជាពលរដ្ឋជាច្រើនបានលើកឡើង អំពីបញ្ហាមួយចំនួន ដែលក្នុងនោះមានបញ្ហាពាក់ព័ន្ធនឹងការធ្វើអត្រាគោលដ្ឋាន បញ្ហាធ្វើសំបុត្រកំណើត បញ្ហាកសិកម្ម ការខ្វះខាតមធ្យោបាយដឹកជញ្ជូន និងផ្លូវ បញ្ហាដីធ្លីផ្សេងៗជាដើម។ ប្រជាពលរដ្ឋបានលើកសំណូមពរ ឱ្យក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូត ជួយជំរុញដោះស្រាយបញ្ហារបស់ពួកគាត់ឱ្យបានឆាប់រហ័ស។
ក្រៅពីស្តាប់កង្វល់ប្រជាពលរដ្ឋ ក្នុងឱកាសនោះដែរ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូត ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងភាពរីកចម្រើនទូទាំងប្រទេសកម្ពុជា ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ព្រមទាំងសន្យាយកបញ្ហារបស់ពួកគេ បញ្ជូនទៅកាន់ក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាទាំងនេះ ឱ្យបានប្រសើរឡើង៕