(កំពង់ស្ពឺ)៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សទូទាំងខេត្តកំពង់ស្ពឺ ដែលកំពុងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) លោក វ៉ី សំណាង អភិបាលខេត្ត បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងបាននិទ្ទេស A ទទួលបានម៉ូតូ ZOOMER X 2019 ១គ្រឿង។

ការប្រកាសបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ខណៈលោកអភិបាល បានអញ្ជើញជាកិត្តិយសក្នុងពិធីកាត់កញ្ចប់វិញ្ញាសារទាំងថ្ងៃទី១ នៃការប្រឡងបាក់ឌុបនៅវិទ្យាល័យកំពង់ស្ពឺ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ, លោកអភិបាលខេត្ត លើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុង នៃការប្រលង ហើយក៏សុំជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៨-២០១៩នេះ ដោយបានត្រៀមរង្វាន់សម្រាប់ផ្ដល់ជូន សិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរជាច្រើនផងដែរ៕