(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់និទ្ទេស A នូវកុំព្យូរទ័រយួរដៃ ម្នាក់១គ្រឿងផងដែរ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឱ្យទទួលបាន ជោគជ័យ។

លោក ជាម ច័ន្ទសោភ័ណ បានបន្តថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង។

លោកបានថ្លែងលើកទឹកចិត្ត ឱ្យប្អូនៗទាំងអស់ ដែលជាបេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) កុំឱ្យមានការភ័យខ្លាច ហើយត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង និងគោរពទៅតាមបទបញ្ញាត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកក៏បានជំរុញឱ្យបេក្ខជន បេក្ខនារីទាំងអស់ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយអ្នកសិស្សក្នុងខេត្តត្បូងឃ្មុំ ដែលជាប់បាននិទ្ទេស A នោះ នឹងទទួលបានអាហារូបករណ៍ តាមបណ្តាសកលវិទ្យាល័យនានា ពិសេសផ្តល់ជូនកុំព្យូទ័រយួរដៃម្នាក់ ១គ្រឿង ដែលជាថវិការផ្ទាល់ខ្លួនរបស់លោក ដើម្បីជាការលើកទឹកចិត្ត។

បើតាមលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំ២០១៩នេះ គឺមានបេក្ខជនប្រឡងសរុប ៤,២១១នាក់ ស្រី២,២៨៨នាក់ បើធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ មានការកើនឡើង៥០០នាក់។ ក្នុងនោះមណ្ឌលប្រឡងឆ្នាំនេះ មានចំនួន៧ (មានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម) ពោលគឺមានការកើនឡើងកើន១មណ្ឌល មានបន្ទប់១៧០បន្ទប់។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

.