(ព្រះវិហារ)៖ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សទូទាំងខេត្តព្រះវិហារ ដែលកំពុងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃនេះឱ្យកាន់តែមានកម្លាំងចិត្តថែមទៀតនោះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងបាននិទ្ទេស A ទទួលបានម៉ូតូ ១គ្រឿង និទ្ទេស B ទទួលបានថវិកា ៨០ម៉ឺនរៀល និងនិទ្ទេស C ទទួលបានថវិកា ៥០ម៉ឺនរៀល។
ការប្រកាសបែបនេះរបស់លោក ប្រាក់ សវុណ្ណ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានអញ្ជើញ បើកហិបវិញ្ញាសារប្រឡង នៅវិទ្យាលយ័ជាស៊ីមត្បែងមានជ័យ។
ជាមួយគ្នានដែរ អភិបាលខេត្តព្រះវិហារ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡងថ្ងៃនេះ ត្រូវតាំងចិត្តឱ្យបានរឹងមាំ ដោយមិនត្រូវមានការភ័យខ្លាចនោះទេ ដើម្បីឱ្យការប្រឡងទទួលបាន លទ្ធផលល្អ ដើម្បីកិត្តិយសខ្លួនឯង និងក្រុមគ្រួសារ។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។
ដោយឡែក សម្រាប់ខេត្តព្រះវិហារ មានបេក្ខជនដែលបានដាក់ពាក្យប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៩នេះ មានចំនួន១៣២៥នាក់ ក្នុងនោះសិស្សស្រីមានចំនួន៦៦២នាក់។ មាន៣មណ្ឌលស្មើនិង៥៣បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន១មណ្ឌល មានសិស្ស៣២៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន២មណ្ឌល មានសិស្សចំនួន១,០០០នាក់ ផងដែរ៕