(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្រ្តីរាជការជាច្រើនរូប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ដើម្បីត្រៀមរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី នៅដើមខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មានទីតាំងស្ថិតនៅក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តី វង សូត បានត្រួតពិនិត្យមើលការស្នាក់នៅរបស់បងប្អូនជនវិបល្លាសស្មារតី កន្លែងព្យាបាលកន្លែងហូបបាយ និងអគាររដ្ឋបាលផងដែរ។ បន្ទាប់ពីពិនិត្យមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មាររួចមក រដ្ឋមន្រ្តី វង សូត ក៏បានចុះពិនិត្យទីតាំងលើគម្រោងសាងសង់ និងជួសជុលអគារមណ្ឌលយុវនីតិសម្បទា ដែលនឹងត្រូវស្ថាបនាពេលខាងមុខនេះផងដែរ។

លោក វង សូត បានបញ្ជាក់ឲ្យដឹងថា «មណ្ឌលយុវនីតិសម្បទា» កសាងឡើងដើម្បីគ្រប់គ្រងអនីតិជនទំនាស់នឹងច្បាប់ ធានាការពារសិទ្ធិសុវត្ថិភាព និងលើកស្ទួយសុខុមាលភាពរាងកាយ និងស្មារតី របស់អនីតិជនជាប់ឃុំ ស្របតាមច្បាប់ជាតិ វិធានជាបទដ្ឋានអប្បបរមានៃអង្គការ សហប្រជាជាតិសម្រាប់គ្រប់គ្រង វិស័យយុត្តិធម៌អនីតិជន និងវិធានរបស់អង្គការ សហប្រជាជាតិសម្រាប់ការពារ អនីតិជន ដែលត្រូវបានដកហូតសេរីភាព, ស្តារនីតិសម្បទាទណ្ឌិត និងធ្វើសមាហរណកម្មទណ្ឌិត ដែលបានអនុវត្តទោសរួច ហើយទៅក្នុងសង្គម និងសហគមន៍។

រដ្ឋមន្រ្តី វង សូត បានអះអាងថា មណ្ឌលថែទាំនិងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតី ពុំមែនជាទីឃុំឃាំងនោះទេ ដោយមណ្ឌលនេះមានលក្ខណៈជាប្រព័ន្ធប្រៀប បានទៅនឹងផ្ទះ ដោយមានកន្លែងស្នាក់នៅ កន្លែងព្យាបាល កន្លែងបរិភោគអាហារ កន្លែងហាត់ប្រាណជាដើម។ ជាពិសសេសសម្រាប់ជនររងគ្រោះ ដែលទទួលបានភាពធូរស្រាល មានស្មារតីជាប្រក្រតីធម្មតាវិញ និងធ្វើសមហារណកម្មទៅកាន់សហគមន៍វិញ ដោយក្រសួងនឹងបន្តការតាមដានស្ថានភាពរបស់ពួកគេ។

ម្រាប់ទីតាំងមណ្ឌលថែទាំ និងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតីនេះ មានទំហំជិត៣ហិកតា មានទីតាំងមុខសាលាស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។ សម្រាប់ការដាក់ដំណើរការមណ្ឌលថែទាំ និងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតីនេះ មានការបែងចែកច្បាស់លាស់ ទៅតាមប្រភេទជនរងគ្រោះ ដោយជនរងគ្រោះជាស្រ្តី ជនរងគ្រោះជាបុរស និងជនមានស្មារតីមិនប្រក្រតីធ្ងន់ធ្ងរនៅដាច់ ដោយឡែកពីគ្នា និងទាមទារអោយមានមន្រ្តី និងបុគ្គលិកប្រចាំការ២៤ម៉ោង ដើម្បីថែទាំ និងផ្ដល់សេវាកម្មផ្សេងៗ៕