(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានប្រគល់ផ្ទះទេវតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់មហាឧបាសិកា ប៊ុន ស៊ាងលី និងអំណោយផ្ទាល់ខ្លួនជូនដល់ទុរគតជនន ចាស់ជរា គ្មានទីពឹង ២គ្រួសារនៅខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរ ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់នៅទីកន្លែង។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តទៀថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងក្រុមការងារក៏ដូចជា រូបលោកស្រីផ្ទាល់ ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានខិតខំធ្វើយ៉ាងដើម្បីកសាងផ្ទះសមរម្យមួយជូនលោកយាយទាំងពីរ ដែលជួបការខ្វះខាត និងជួបគ្រោះថ្នាក់ធម្មជាតិដោយត្រូវខ្យល់កន្ត្រាក់បោកបក់រលំផ្ទះ និងត្រូវអគ្គិភ័យឆេះផ្ទះម៉ត់គ្មានសល់កន្លងទៅនេះ។
លោកស្រី ក៏បានណែនាំដល់លោកយាយទាំងពីរ ត្រូវថែរក្សាសុខភាពឲ្យបានល្អរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាតជាពិសេស ត្រូវសម្រាន្ត នៅក្នុងមុងចៀសវាងមានជំង្ងឺផ្សេងៗ មកបៀតបៀនមួយវិញទៀត ខណៈដែលមានភ្លៀងផ្គរខ្យល់ ត្រូវរកកន្លែងដែលមានសុវត្ថិភាព បញ្ចៀសការគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយហេតុ។
ផ្ទះទេវតា ០២ខ្នងនោះរួមមាន៖ ទី១ ផ្ទះលេខ២៧១ ជាអំណោយដ៏ថ្លៃថ្លាររបស់ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានប្រគល់ជូនលោកយាយ សំ សាំ អាយុ៧៩ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ទី២៖ ផ្ទះលេខ២៧០ ជាអំណោយរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានប្រគល់ជូន លោកយាយ ស្រី សារ៉ីន អាយុ៦៦ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
ក្រៅពីប្រគល់ផ្ទះជូនហើយនោះ លោកស្រី ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគចំនួន ជូនដល់ផ្ទះទាំងពីរ រួមមាន៖ អង្ករ ១០០គីឡូក្រាម, ចានជ័រធំ១, ឆ្នាំងបាយ១, ឆ្នាំងសម្លរ១, ខ្ទះ១, ចានបាយ១ឡូ, ចានសម្ល១ឡូ, កាំបិត២, ជ្រុញ១, ស្លាបព្រា២ឡូ, វែកបាយ១, វែកសម្លរ១, វែកឆា១, កំសៀវទឹក១, វិទ្យុ១, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ប៊ីចេង ២ថង់, អំបិល ៤ថង់, ស្លាបព្រា ត្រីខ ១០កំប៉ុង, ខ្ទឹមស ១គីឡូក្រាម, មី១កេស, ទឹក្រូច១កេស, ទឹកសុទ្ធ១កេស, មីសួរ១គីឡូក្រាម, សាប៊ូ១ថង់, មុង១ភួយ១, ក្រម៉ា១, សារ៉ុង២, កន្ទេល១, ខ្នើយ១, ប្រេងឆា១ដប និងថវិកា៥០ម៉ឺនរៀលផងដែរ៕