(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤០ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤០ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព»។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៩ ខែសីហានេះ។

នៅក្នុងកំឡុងពេលនៃមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជាច្រើនរបស់អាយប៉ា ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំមាន ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាងអាយប៉ាជាមួយបណ្តាប្រទេសសង្កេតការណ៍ជាដើម។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៉ី ឡាវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

យោងតាមសេចក្តីជូនដំណឹងដដែលនេះ អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាន នូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរ សភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិក ផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតាំង៕