(ភ្នំពេញ)៖ ពិតជាគួរឲ្យសង្វេគសម្រាប់កុមារា ២នាក់ រស់នៅភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវជាកូនជនរងគ្រោះស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏កក្រើកបុករះនៅមុខវិទ្យាល័យបឹងត្របែក កាលពីឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ពួកគេមិនទាន់បានទទួលសំណងពីជនបង្កនៅឡើយទេ និងទទូចសុំឲ្យថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ ដើម្បីឲ្យពួកគេបានដោះស្រាយជីវភាពប្រចាំថ្ងៃផង។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ឈ្មោះ មាស សុខហេង មុខរបរលក់ទូរស័ព្ទ មានទីលំនៅផ្ទះលេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ បានបើករថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បញ្ច្រាសទិស បុករះម៉ូតូ ៧គ្រឿង បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ស្រាលចំនួន ៨នាក់។

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ជនបង្កត្រូវបានតុលាការ ប្រកាសសាលក្រមផ្ដន្ទាទោសជនបង្ក ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ តែអនុវត្តទោស ២ឆ្នាំ និងឲ្យសងសំណង និងជំងឺចិត្តជាថវិកាចំនួន ៣ម៉ឺនដុល្លារជូនអ្នកស្លាប់។ សាលក្រមមានតែនៅលើក្រដាស ជាពិសេសសំណង ប៉ុន្តែថវិកាពិតប្រាកដមិនទាន់បានធ្លាក់ទៅលើដៃកុមារាតូចៗ ដ៏គួរឲ្យអាណិតទាំង ២នាក់ នោះទេ។

តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅខេត្តកំពង់ចាម, លោកតា សុក សំអាត ដែលត្រូវជាជីតារបស់កុមារារងគ្រោះ (ឪពុកបង្កើតរបស់ជនរងគ្រោះ) បាននិយាយ ថាបច្ចុប្បន្នលោកតាកំពុង រស់នៅជាមួយ ចៅកំព្រាទាំង ២នាក់ ដែលមានការខ្វះខាតជីវភាព ក្រោយពីឪពុកម្តាយរបស់ពួកគេ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។

លោកតា សុក សំអាត បានបន្តថា «រហូតមកដល់ពេលនេះ ពួកយើងពុំទាន់មានការទូទាត់សំណងតាមសាលក្រមនោះទេ»។ អង្គុយបត់ជើងលើកដៃសំពះជាមួយចៅៗ កំព្រាទាំង ២នាក់ លោកតា សំអាត សូមអំពាវនាវទៅដល់តុលាការក្រុងភ្នំពេញ សូមជួយរកយុត្តិធម៌ និងជួយពន្លឿនក្នុងការដោះស្រាយដល់គ្រួសារជនរងគ្រោះ ជាពិសេសចៅៗ ដែលកំពុងរស់នៅគ្មានទីពឹង។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ លោក នូ វាសនា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បាន ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានចូលជាថវិការដ្ឋ និងតម្រូវឲ្យសងសំណងចិត្តទៅដើមបណ្ដឹង ៤ម៉ឺនដុល្លារពីបទ « បើកបរធ្វេសប្រហែស បណ្តាលឲ្យស្លាប់អ្នកដទៃ»

ជនរងគ្រោះ ៣នាក់ ដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួមមានទី១៖ ឈ្មោះ វ៉ង សុខណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ, ទី២៖ ឈ្មោះ សេង អាន ភេទស្រី អាយុ ២៥ឆ្នាំ (ឪពុកម្តាយកុមាររងគ្រោះ) និងទី៣ឈ្មោះ ណា ស្រីនីន ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕