(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ពេញមួយព្រឹក ថ្ងៃដំបូងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ រហូតមកដល់ម៉ោងជិត១២ថ្ងៃត្រង់ បេក្ខជនប្រឡងទាំងអស់ បានសម្រាក ដើម្បីទទួលទានអាហារថ្ងៃត្រង់ ត្រូវចូលមណ្ឌលប្រឡង បន្តការប្រឡងនៅពេលរសៀល។

ជាមួយនឹងការទទួលទានអាហារថ្ងៃត្រង់នេះ បេក្ខជនប្រឡងទាំងអស់ ហាក់បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងភាពជឿជាក់លើសមត្ថភាពរបស់ពួកគេ ក្នុងការប្រឡងថ្នាក់ជាតិមួយនេះ ខណៈឪពុក ម្ដាយ ឬអាណាព្យាបាល ក៏នៅតែបន្ដមកលើកទឹកចិត្តដល់កូនៗរបស់ពួកគាត់ផងដែរ។

គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុប នៅព្រឹកថ្ងៃដំបូង ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ចំនួនបេក្ខជនអវត្តមាន ចំនួន១,៦១៩នាក់ ស្រី៦២១នាក់ ជាភាគរយ១.៣៨%។ សម្រាប់បេក្ខជន ដែលមានបញ្ហាសុខភាពវិញ មានចំនួន១៩ករណី ប៉ុន្ដែអាចដំណើរការប្រឡងបន្ដទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ ដែលប្រចាំការនៅមណ្ឌលប្រឡង។

ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕