(សៀមរាប)៖ ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀរគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួសសួងសុំទឹកភ្លៀង នៅបរិវេណប្រាសាទនាគព័ន្ធ ដែលជាទំនៀមពីបុរាណ នៅឆ្នាំនេះកម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣-១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។
លោកយាយ ហៃ វឿន វ័យ៧០ឆ្នាំជាចាស់ព្រឹទ្ធាចារ្យមួយរូប ដែលផ្តើមគំនិតរៀបចំពិធីបួងសួងសុំទឹកភ្លៀងនេះបានឱ្យដឹងថា ពិធីនេះជាទំនៀមអ្នកភូមិលាងដៃតែងធ្វើមិនដែលរំលងឡើយ គឺរាល់ឆ្នាំដែលក្រមានភ្លៀង ឬជាប់គ្រោះរាំងស្ងួតជាដើម។
លោកយាយបន្ថែមថា នៅឆ្នាំនេះសង្កេតឃើញថាមានគ្រោះរាំងស្ងួតខ្លាំង អ្នកភូមិមិនរំពឹងទទួលបានទឹកភ្លៀងច្រើនពេកទេបន្ទាប់ពីរៀបចំពិធីសុំទឹកភ្លៀងរួច តែយ៉ាងណាអ្នកភូមិនៅតែធ្វើដើម្បីបន់អស់បារមីទេវតាថែរក្សាភពផែនដី ឱ្យផ្តល់ទឹកភ្លៀងជួយសង្រ្គោះស្រូវស្រែ និងជីវិតសត្វលោក។
បារមីស័ក្ដិសិទ្ធិនៅប្រាសាទនាគព័ន្ធ បានធ្វើឱ្យអ្នកភូមិនៅទីនោះមានជំនឿជាខ្លាំង ដោយសាររាល់ពេលប្រារព្ធពិធីសុំទឹកភ្លៀងម្ដងៗ គឺតែងមានភ្លៀងធ្លាក់រហូត។ លោកយាយ ហៃ វឿន បញ្ជាក់ថា អំឡុងពេលកំពុងបួងសួងនៅល្ងាចថ្ងៃទី១៣ ស្រាប់តែមានភ្លៀងមួយមេធ្វើឱ្យអ្នកភូមិទទឹកជោកខ្លួនតែម្ដង ខណៈដែលពេលមុនៗពុំមានភ្លៀងសោះនោះ។ លោកយាយបន្តថា នៅទីនេះឱ្យតែបន់គឺដឹងតែបាន។
ចំណែកលោកយាយ ឌួង ឆោម អ្នកដឹកនាំរៀបចំពិធីនេះមួយដែរនោះបាននិយាយថា អ្នកភូមិមានជំនឿនឹងពិធីនេះណាស់ ហើយតែងមិនសុខស្រណុកនៅពេលមិនបានធ្វើពិធីនេះ។
លោកយាយថា បុណ្យសុំទឹកភ្លៀងនេះមិនមែនសុំតែទឹកភ្លៀងមួយមុខទេ គឺបន់ស្រន់សុំសេចក្ដីសុខជូនដល់ប្រជារាស្រ្ដខ្មែរទាំងមូលផងដែរ។ ជាមួយគ្នានេះ ក្នុងនាមជាចាស់ទុំមួយរូប និងជាអ្នកប្រឹងប្រែងខំធ្វើពិធីនេះតពីដូចតាមក លោកយាយ ឌួង ឆោម ចង់ឱ្យក្មេងៗជំនាន់ក្រោយ បន្តធ្វើពិធីនេះជាប់រហូតទៅ ដ្បិតថាជាទំនៀមពីបុរាណ ក៏ដូចជាអត្ដសញ្ញាណមួយរបស់អ្នកភូមិលាងដៃនេះផងដែរ។
សម្រាប់ពិធីនេះដែរ បើតាមការពន្យល់របស់លោកយាយ ឌួង ឆោម គឺមានសារសំខាន់ណាស់ដើម្បីបង្ហាញពីស្នាដៃដល់ក្មេងៗជំនាន់ក្រោយក្នុងការអភិរក្សប្រពៃណីពីដូនតាខ្មែរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរដែលចង់ដឹងចង់ស្វែងយល់ក្នុងពិធីនេះ៕