(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ព្រឹកថ្ងៃដំបូង នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បេក្ខជនប្រឡងទាំងអស់នៅទូទាំងប្រទេស ស្ទើរតែគ្មានយកសំណៅឯកសារ ឬសម្ភារហាមឃាត់មកជាប់ខ្លួននោះឡើយ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងយ៉ាងដូច្នេះថា «នាថ្ងៃទី១ នៃដំណើរការសំណេរ គណៈកម្មការអនុរក្ស និងមន្ត្រីមានសមត្ថកិច្ច ពិនិត្យឃើញថា ស្ទើតែគ្មានការនាំចូលនូវសំណៅឯកសារ និងសម្ភារហាមឃាត់មកជាប់ខ្លួនរបស់បេក្ខជន»។
បើតាមលោក រស់ សុវាចា ដំណើរការសំណេរព្រឹកថ្ងៃទី១៩ ខែសីហា បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់។ នៅតាមមណ្ឌលប្រឡងទាំង២០២ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលប្រឡង គណៈកម្មការអនុរក្ស និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិ នៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
សម្រាប់បញ្ហាសុខភាពរបស់បេក្ខជនវិញ ត្រូវបានអ្នកនាំពាក្យក្រសួងអប់រំ គូសបញ្ជាក់ថា ជាទូទៅបេក្ខជនមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ គួរឲ្យកត់សម្គាល់នៅឡើយទេ។ បេក្ខជនមួយចំនួនតូច មានអាការៈវិលមុខ ខ្យល់គរ ក្អួត តែបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ក្រោយទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌល។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕