(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ កូនសិស្សនឹងធ្វើបានល្អជាងបណ្តាលឆ្នាំមុនៗ ព្រោះកូនសិស្សភាគច្រើន ខិតខំសិក្សារៀនសូត្រ ក៏ប៉ុន្តែមិនទាន់ស្មានថា បានប៉ុន្មានភាគរយនៅឡើយទេ។

ការវាយតម្លៃខ្ពស់ពីលទ្ធផលនៃការប្រឡងនេះ បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញ បើកវិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យបេក្ខជននៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីក្រសួងអប់រំ បានវាយតម្លៃខ្ពស់យ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំអាចនិយាយបានគឺថា ឆ្នាំនេះមិនទាន់ដឹងថា មានសិស្សប្រឡងជាប់បាននិន្ទេស A មានប៉ុន្មាននោះទេ។ យើងមិនអាចទាយមុនបានទេ ក៏ប៉ុន្តែខ្ញុំឃើញថា សិស្សយើងខិតខំប្រឹងប្រែងរៀនសូត្រ ហើយពិន្ទុជាមធ្យមភាគ កាន់តែមានការកើនឡើងប្រចាំឆ្នាំ។ ដូច្នេះគឺច្បាស់ជាលទ្ធផលនឹងល្អប្រសើរគ្រាន់ ថាបានប៉ុន្មានខ្ញុំក៏អត់ដឹងដែរ»

បន្ថែមពីនេះ លោកបានលើកឡើងថា លោកមិនទាន់ហ៊ានសន្និដ្ឋាន ក៏ដូចជាប៉ាន់ប្រមាណថា នឹងមានសិស្សដែលប្រឡងជាប់បាននិន្ទេស A ប៉ុន្មានភាគរយនៅឡើយទេ ក៏ប៉ុន្តែសង្ឃឹមថា ពួកគេទាំងអស់នឹងធ្វើបានល្អ ព្រោះបច្ចុប្បន្នសង្កេតឃើញសិស្សានុសិស្ស មានការខិតខំប្រឹងប្រែងរៀនសូត្រច្រើន គួរឱ្យកត់សម្គាល់។

លោក ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ថា សម្រាប់ការប្រឡង ក្រសួងបានអនុវត្តន៍យ៉ាងតឹងរឹងបំផុត ដោយបានបណ្តុះបណ្តាលក្រុមតាមមុខវិជ្ជានានា ដើម្បីឱ្យពួកគាត់ពិនិត្យ លើសន្លឹកកិច្ចការតាមដំណាក់ការចាប់ផ្តើម រហូតដល់ដំណាក់កាលកែលើសន្លឹកកិច្ចការ ប្រសិនបើពិនិត្យឃើញថា សន្លឹកកិច្ចការណាមានភាពមិនប្រក្រតី នឹងដកហូតនោះចេញភ្លាមៗតែម្តង។

លោកបន្ថែមថា សម្រាប់បរិយាកាសប្រឡងថ្ងៃទី១ បញ្ហាអាកាសធាតុល្អទាំងប្រទេស គ្មានភ្លៀងធ្លាក់ ដែលធ្វើឱ្យអាក់ដំណើររបស់បេក្ខជននោះទេ ដោយដំណើរការទៅយ៉ាងរលូន និងមានភាពស្ងប់ស្ងាត់ល្អ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ នៅទូទាំងប្រទេស។ ដោយឡែក សម្រាប់ស្ថានភាពសន្ដិសុខវិញ គេសង្កេតឃើញថា កម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរ បានចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដោយមិនមានអ្វីរាំស្ទះដល់ដំណើរការប្រឡងនោះឡើយ។

សូមជម្រាបថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕