(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់មួយព្រឹកដំបូង នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ បានបញ្ចប់ហើយ ដោយដំណើរការទៅយ៉ាងរលូន និងមានភាពស្ងប់ស្ងាត់ល្អ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ទូទាំងប្រទេស នាវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ។
សម្រាប់ដំណើរការប្រឡងនេះ ក៏មានបេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណ ចំពោះគណៈអភិបាល និងគណៈអភិបាលរងរាជធានី-ខេត្ត ដែលបានអញ្ជើញចូលរួមបើកហឹបវិញ្ញាសា នៅក្នុងដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕