(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយរូបតាមរយៈទំព័រ Facebook របស់ Fresh News បានចូលមកស្នើសុំទៅអភិបាលខេត្តសៀមរាប លោក ទៀ សីហា ជួយពន្លឿនការផ្តល់សេវាកម្មនានា ជាពិសេសសេវាផ្ទេរកម្មសិទ្ធិដីធ្លី ដែលត្រូវបានប្រជាពលរដ្ឋរូបនេះអះអាងថា មានភាពយឺតយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
ប្រជាពលរដ្ឋដែលមានគណនី Facebook «Sothea Chou» បានរៀបរាប់ថា ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប មានការធុញថប់ខ្លាំងទៅនឹងការផ្តល់សេវារបស់មន្ត្រីរាជការនៅក្នុងខេត្តសៀមរាប។ ម្ចាស់គណនី Facebook រូបនេះ បានសង្កត់ធ្ងន់ថា នៅមុនពេលការបោះឆ្នោតការ ផ្តល់សេវាផ្ទេរកម្មសិទ្ធិដីធ្លីប្រើរយៈពេលតែជាង ២០ថ្ងៃទេ ប៉ុន្តែបច្ចុប្បន្នប្រើរយៈពេលចាប់ពី៤ ទៅ៥ខែ។
ម្ចាស់គណនី Facebook «Sothea Chou» បានលើកឡើងយ៉ាងដូច្នេះ «បច្ចុប្បន្ននេះប្រជាពលរដ្ឋមានការធុញថប់ទៅនឹងមន្ត្រីរាជការខ្លាំងណាស់ទាក់ទងទៅនឹងសេវានានា មានការយឺតយ៉ាវ ពិសេសគឺផ្ទេរកម្មសិទ្ធិដី។ មុនបោះឆ្នោតរត់ការតែជាងម្ភៃថ្ងៃទេ ឥឡូវចាប់ពីបួនខែទៅប្រាំខែ។ ហើយទាថ្លៃសេវាច្រើនទៀត។ ក្នុងនោះស្រុកប្រាសាទបាគងខ្លាំងជាងគេ។ សូមឯកឧត្តមចាត់វិធានការមន្រ្តីទាំងនោះផង ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើគណបក្សប្រជាជនយើងតទៅទៀត»។
ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងនេះ Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីអភិបាលខេត្ត ឬអ្នកនាំពាក្យសាលាខេត្តសៀមរាបបាននៅឡើយនោះទេ៕