(ភ្នំពេញ)៖ ដូចការគ្រោងទុក ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុប ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅ។
តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រសួងបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយទាំងមន្ត្រីគ្រប់គ្រងការប្រឡង មណ្ឌល និងវិញ្ញាសារ សម្រាប់ការប្រឡងនេះ។ ពោលអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានអ្វីប្រែប្រួលនោះឡើយ។ ទោះជាយ៉ាងណាមានមណ្ឌលប្រឡងតែមួយប៉ុណ្ណោះនៅក្នុងខេត្តកំពត ត្រូវបានផ្លាស់ប្តូរដោយសារតែជំនន់ទឹកភ្លៀង។
លោក រស់ សុវាចា បានបញ្ជាក់ដូច្នេះថា «ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ សីហា ឆ្នាំ២០១៩នេះ គឺបានរៀបចំរួចស្រេចទៅតាមការគ្រោងទុក ចំណែកឯហឹបវិញ្ញាសារទាំង៤០៤ ក៏បានដឹកទៅដល់មណ្ឌលប្រឡងរួចរាល់ផងដែរ»។
លោកបន្តថា «ក្នុងនោះមាន១មណ្ឌលនៅឯខេត្តកំពត ត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរ មូលហេតុដោយសារទទួលជំនន់ទឹកភ្លៀង។ ក្រៅពីនោះ គឺមិនមានផលប៉ះពាល់អ្វីនោះទេ ប៉ុន្ដែក្រោយពីការផ្លាស់ប្ដូរនេះ ចំនួនសរុបមណ្ឌលនៅតែ ២០២មណ្ឌលដដែល»។
ដើម្បីធ្វើឱ្យការប្រឡងទទួលបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក ក្រសួងបានពង្រាយមន្ត្រីគ្រប់គ្រងការប្រឡងនេះ សរុប ១៧,៤៣០នាក់ ក្នុងនោះ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ ដែលជាគរុនិសិ្សត ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ ១,១៨១នាក់ និងគណៈកម្មការកណ្តាល ២,៤០៥នាក់។
លោក រស់ សុវាចា បានឱ្យដឹងថា មន្ត្រីទទួលភារកិច្ចលើការប្រឡងនេះ បានធ្វើដំណើរទៅដល់គោលដៅរៀងៗខ្លួនហើយ ត្រៀមស្វាគមន៍បេក្ខជនប្រឡង និងបំពេញការងារតាមតួនាទី និងភារកិច្ច។
ក្នុងបេសកកម្មកំណែទម្រង់ស៊ីជម្រៅលើការប្រឡងបាក់ឌុបរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតាំងពីឆ្នាំ២០១៤មកនោះ អង្គភាពប្រឆាំងអំពើពុករលួយតែងតែចាត់អ្នកសង្កេតការណ៍ចូលរួមតាមដាន និងសង្កេតទៅលើការប្រឡងនេះ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ មិនមានវត្តមានអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមតាមដាន និងអង្កេតទៅលើការប្រឡងទៀតនោះឡើយ។
បើទោះបីមិនមានវត្តមានអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយយ៉ាងណាក្តី តែក្រសួងអប់រំ បានអះអាងថា ការប្រឡងនៅតែធ្វើឡើងដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ តាមគោលការណ៍ «អ្នកចេះ គឺជាប់»។
លោក រស់ សុវាចា បានគូសបញ្ជាក់យ៉ាងដូច្នេះ «បើសិនជាមានករណីអំពើពុករលួយ កើតឡើងនៅក្នុងគ្រប់ដំណាក់កាល នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ នឹងនៅតែបន្ដសហការជាមួយ ACU ដោយធ្វើចំណាត់ការយោងទៅតាមផ្លូវច្បាប់ជាធរមាន»។
លោក រស់ សុវាចា បានអះអាងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ដអនុវត្ដយ៉ាងម៉ឺងម៉ាត់ ចំពោះបទប្បញ្ញាត្ដិទាំងឡាយ ដែលមានជាធរមាន ជាមួយការប្រតិបត្ដិរបស់បេក្ខជនប្រឡង ហើយនិងបុគ្គលិកអប់រំ។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ ក៏បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្ដកិច្ចសហការជាមួយក្រសួង រួមមាន អង្គភាពប្រឆាំងអំពើរពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាល នៅគ្រប់រាជធានីខេត្ត ក៏ដូចជាវត្ដអារាម និងអាជ្ញាធរមូលដ្ឋានផងដែរ។
ដោយលោក រស់ សុវាចា បានសង្កត់ធ្ងន់ថា «ជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺពឹងផ្នែកទៅលើកិច្ចសហការ ចូលរួមពីគ្រប់ភាគគីពាក់ព័ន្ធ»។
សូមបញ្ជាក់ថា ការប្រឡងនៅថ្ងៃទី១៩ ខែសីហា នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។
ថ្ងៃទី២០ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ៕