(ភ្នំពេញ)៖ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលតែងហៅជាទូទៅថាប្រឡងបាក់ឌុបនោះ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ស្អែកនេះហើយ។
បើនិយាយដល់ការប្រឡងបាក់ឌុបដែលជាការល្បងសមត្ថភាពចំណេះដឹងរបស់អ្នកសិក្សារៀនសូត្រក្នុងកម្រិតអប់រំចំណេះដឹងទូទៅក្រោយសិក្សារយៈពេល១២ឆ្នាំនោះ គេប្រាកដជានឹកឃើញដល់ដំណាក់កាលនៃការចាប់ផ្តើមធ្វើកំណែទម្រង់ការប្រឡងដ៏តឹងរឹងបំផុតនាឆ្នាំ២០១៤ ក្រោយលោក ហង់ ជួនណារ៉ុន ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ឆ្នាំ២០១៤ ជាឆ្នាំប្រឡងបាក់ឌុប ដែលមិនអនុញ្ញាតឱ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ ឧបករណ៍អេឡិកត្រូនិក ឬអាចលួចមើល លួចចម្លងគ្នាបានដូចទម្លាក់នោះឡើយ។ ឆ្នាំ២០១៤ ក៏ជាឆ្នាំនៃការចងចាំមួយមិនអាចបំភ្លេចបានដែរទាំងអ្នកសិក្សា និងមហាជន ព្រោះជាឆ្នាំដែលសិស្សបាក់ឌុបធ្លាក់ច្រើនបំផុត និងមានការប្រឡងរហូតដល់ទៅពីរដង។
បើទោះបីជាយ៉ាងណាផ្តើមពីឆ្នាំ២០១៤នោះហើយ ដែលធ្វើឱ្យអ្នកសិក្សាចំណេះដឹងទូទៅចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ និងចាប់ផ្តើមភ្ញាក់រលឹកប្រឹងប្រែងសិក្សា ដោយមិនផ្តេកផ្តួលលើការលួចចម្លង ឬលួចមើលសំណៅឯកសារនៅពេលប្រឡងទៀតនោះឡើយ។
ផ្តើមចេញពីឆ្នាំ២០១៤នេះដែរ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងផ្តល់កិត្តិយសខ្ពស់បំផុតអនុញ្ញាតឱ្យសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច។
ខាងក្រោមនេះ គឺជាកំណត់ត្រានៃការប្រឡងបាក់ឌុបរយៈពេល៥ឆ្នាំកន្លងទៅ ក្រោមកំណែទម្រង់រឹតបន្តឹងការប្រឡងដ៏តឹងរឹងបំផុតរបស់លោក ហង់ ជួនណារ៉ុន៖
ឆ្នាំ២០១៤៖ សិស្សជាប់បាក់ឌុបទូទាំងប្រទេសលើកទី១ មានចំនួន ២៣,១២៦នាក់ ស្មើនឹង២៥,៧២% ក្នុងចំណោមបេក្ខជន ៨៩,៩៣៧នាក់។ ក្នុងនោះសិស្សជាប់និទ្ទេសមាន A ចំនួន ១១នាក់។ ប្រឡងលើកទី២ ជាប់ចំនួន ១២,១៩៩នាក់ ស្មើ ១៧,៩៤% ក្នុងចំណោមបេក្ខជនសរុប ៦៨,០០០ នាក់ ប៉ុន្តែគ្មានអ្នកជាប់និទ្ទេស A ឡើយ។
ឆ្នាំ២០១៥៖ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៤៦,៥៦០នាក់ ត្រូវជា ៥៥,៨៨ភាគរយនៃបេក្ខជនវត្តមានសរុប ៨៣,៣២៥នាក់។ ក្នុងនោះនិទ្ទេស A មាន ១០៨នាក់។ B មាន ១០៨៥ នាក់ C មាន ៣២៩២ នាក់ D មាន ៦០៩៣ និងនិទ្ទេស E មាន ៣៥ ៩៨២នាក់។
ឆ្នាំ២០១៦៖ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៥៥,៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩,៦៦១នាក់។ សិស្សជាប់និទ្ទេស A មានចំនួន ៤០៥នាក់។ និទ្ទេស B មានចំនួន ២៨០១នាក់ និទ្ទេស C មានចំនួន៥៥៩៥នាក់ និទ្ទេស D មានចំនួន ៨៨៣៥នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧នាក់។
ឆ្នាំ២០១៧៖ បេក្ខជនប្រឡងជាប់មានចំនួន ៦៣,៦៦៨នាក់ ត្រូវជា ៦៣,៨៤% នៃបេក្ខជនបានចូលរួមប្រឡង ៩៩,៧២៨នាក់។ សិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤នាក់។ និទ្ទេស B មានចំនួន ២,៤៦៤នាក់ និទ្ទេស C មានចំនួន ៥,០០០នាក់ និទ្ទេស D មានចំនួន ៩,១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦,៦៥៧នាក់។
ឆ្នាំ២០១៨៖ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៧៦,០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ នៃបេក្ខជនចូលរួមប្រឡងសរុប ១១៧,០៦១នាក់។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់។ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕