(មណ្ឌលគិរី)៖ បេក្ខជន បេក្ខនារី ដែលត្រៀមប្រឡងមធ្យមទុតិយភូមិចំនួន២៤៦នាក់ សម្រាប់ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានជួបជុំគ្នាហូបអាហារសាមគ្គីយ៉ាងសប្បាយរីករាយ ក្រោយវត្តមានលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកឧកញ៉ា អ៊ឹង ស៊ីតាវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី, លោក សាយ ម៉េងគីម អភិបាលរងខេត្ត ពិធីនេះបានរៀបចំឡើងនៅភោជនីយដ្ឋានពេជ្រដា។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ចំនួនសិស្សដែលត្រូវចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ គឺមានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះតម្រូវការកន្លែងស្នាក់នៅ គឺពិតជាចាំបាច់ខ្លាំងណាស់សម្រាប់បេក្ខជន បេក្ខនារី ជាពិសេស សិស្សានុសិស្សក្រីក្រ ដែលមកពីឆ្ងាយ។ ដោយឡែក សម្រាប់សប្បុរជនដែលបានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅ ដល់បេក្ខជនក្រីក្រ ខ្វះខាតកន្លែងស្នាក់នៅ គឺជាការលើកទឹកចិត្តដ៏ធំធេងចំពោះពួកគេគាត់។
លោកអភិបាលខេត្ត បានកោតសសើរដល់បណ្តាលសប្បុរជនទាំងអស់ ដែលបានជួយរំលែកការលំបាកដល់សិស្សក្រីក្រ និងលើកទឹកចិត្តឲ្យមានសកម្មភាព បែបនេះជាបន្តទៀតនៅឆ្នាំក្រោយៗ។
ស្ថិតនៅក្នុងពិធីហូបអាហារសាមគ្គីជុំគ្នារវាងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ក៏បានឧបត្ថម្ភដល់បេក្ខជនប្រឡង ចំនួន២៤៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨០,០០០រៀល ហើយបើមានបេក្ខជនណាអាចប្រឡងយកនិទ្ទេស A នាសម័យប្រឡងពេលនេះ លោកឧកញ៉ា និងលើកទឹកចិត្តឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿងបន្ថែមទៀត ទោះជាប់ប៉ុន្មាននាក់ក៏ដោយ។
សូមបញ្ជាប់ផងដែរថា សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើន បានចូលរួមជួយឧបត្ថម្ភបន្ទប់ស្នាក់នៅដល់បេក្ខជនដូចជា៖ ទី១៖សណ្ឋាគារមណ្ឌលគិរី ជួយការស្នាក់នៅបន្ទប់គ្រែ២ ចំនួន១០បន្ទប់, ទី២៖សណ្ឋាគារអឿន សកុណា បន្ទប់គ្រែ២ ចំនួន០៨បន្ទប់, ទី៣៖សណ្ឋាគារពេជ្រ ទេវី បន្ទប់គ្រែ០២ ចំនួន០៣បន្ទប់, ទី៤៖ផ្ទះសំណាក់រស្មីពេជ្រ បន្ទប់គ្រែ២ ចំនួន១៤បន្ទប់, ទី៥៖ម៉ូតែល ពេជ្រគីរី បន្ទប់គ្រែ២ ចំនួន០៤បន្ទប់ និងគ្រែ១ ចំនួន០៦បន្ទប់ ម៉ូតែលនេះ និងឧបត្ថមតែសិស្សមកពីស្រុកកែវសីមា តែប៉ុណ្ណោះ និងទី៦៖ផ្ទះសំណាក់ និងភោជនីយដ្ឋានពេជ្រដា ជួយអាហារពេលថ្ងៃដល់បេក្ខជនប្រឡង ចំនួនពីរថ្ងៃ និងបន្ទាប់ស្នាក់នៅចំនួន១០បន្ទប់។
ម្ចាស់គ្រប់គ្រងសណ្ឋាគារ និងផ្ទះសំណាក់ទាំង០៦ ដែលឧបត្ថម្ភដល់ការស្នាក់នៅចំពោះបេក្ខជនប្រឡងនេះ បានបញ្ជាក់ថា ការផ្តល់ជូនទៅពួកគាត់ស្នាក់នៅ គឺធ្វើឡើងរយៈពេល០៤ឆ្នាំហើយ។ ការផ្តល់នេះ គឺដើម្បីសម្រាលការលំបាកដល់បេក្ខជន បេក្ខនារី ដែលជាសិស្សានុសិស្សទាំងអស់ ព្រមទាំងផ្សារភ្ជាប់ជាមួយ ការងារសង្គមផងដែរ ព្រោះចំនួនសិស្សបានកើនឡើង អាចប្រឈម និងបញ្ហាស្នាក់នៅ៕