(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធាននាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកទីផ្សារបណ្ដាញកម្ពុជា បានប្រកាសប្ដេជ្ញាគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងកំពុងសហការជាមួយក្រសួងកសិកម្ម ស្វែងរកទីផ្សារលក់កសិផលបន្ថែមជូនកសិករ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ឡី សុភាព ត្រូវបានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី ផលិតផលកសិកម្ម និងឱកាសអាជីវកម្ម នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅអគារ The Premier Centre Sen Sok ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការរៀបចំរបស់ក្រុមហ៊ុន សីហា ផាវវើរិច ខេមបូឌា។

ក្រុមហ៊ុន សីហា ផាវវើរិច ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលជីកសិកម្មពីប្រទេសថៃមកចែកចាយនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន PSK របស់ប្រទេសថៃ ប្រកបដោយភាពស្របច្បាប់។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដំណើរការការនាំចូលជីកសិកម្មនេះ មានរយៈពេលមួយឆ្នាំមកហើយ។ នេះបើតាមលោក ដាំ សីហា អគ្គនាយកក្រុមហ៊ុន សីហា ផាវវើរិច ខេមបូឌា។

នាឱកាសនោះ លោក ឡី សុភាព បានលើកឡើងថា នេះជាការមួយដ៏ល្អ និងសំខាន់ខ្លាំងណាស់ ដែលក្រុមហ៊ុនកម្ពុជា-ថៃទាំងពីរនេះ បានចាប់ដៃគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពទំនើប តាមរយៈការនាំចូលជីកសិកម្មដែលមានលក្ខណៈធម្មជាតិ ជួយស្រោចស្រង់ឱ្យដីស្រែចម្ការរបស់កសិករខ្មែរទទួលបានទិន្នផលខ្ពស់ ប្រកបដោយសុវត្ថិភាព (ក្នុងផលដំណាំ)។

លោកបញ្ជាក់ថា «នេះក៏ជាចាប់ផ្ដើមមួយសម្រាប់វិស័យឯកជន ក្នុងការបង្ហាញពីការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម ដែលមានចក្ខុវិស័យអភិវឌ្ឍន៍វិស័យកសិកម្មនេះ ឱ្យកាន់តែមានភាពជឿនលឿនដូចនៅបណ្ដាប្រទេសមួយចំនួន»

លោក ឡី សុភាព បានបន្តថា ទោះបីបច្ចុប្បន្នការចូលរួមនេះនៅមានកម្រិតនៅឡើយក្ដី ប៉ុន្តែលោកផ្ទាល់ សមាគមរបស់លោកទាំងប៉ុន្មានដែលពាក់ព័ន្ធក្នុងវិស័យនេះ ព្រមទាំងក្រុមហ៊ុនឯកជនដែលជាដៃគូរបស់សមាគមលោក នៅតែប្ដេជ្ញាបន្តចូលរួមឱ្យបានផុសផុលជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជួយជំរុញឱ្យជីវភាពរបស់ប្រជាកសិករខ្មែរកាន់តែមានភាពធូរធា និងកាត់បន្ថយនូវការប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកបរិភោគជាដើម។

មួយទៀតសោត លោក ឡី សុភាព ក៏បានបង្ហាញការគាំទ្រចំពោះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោករដ្ឋមន្ត្រីតែងតែបញ្ជ្រាបចំណេះដឹងពីវិស័យកសិកម្មទៅដល់កសិករ និងអាជីវករក្នុងវិស័យវិស័យកសិកម្មនេះ ឱ្យយល់ដឹងពីបញ្ហានានាជារឿយៗ។

ប្រធានសមាគមរូបនេះបានបង្ហើបឱ្យដឹងថា លោកបានស្នើទៅលោករដ្ឋមន្ត្រី វេង សាខុន រួចហើយថានឹងសុំជួបពិភាក្សារិះរកដំណោះស្រាយ ក្នុងការស្វែងរកទីផ្សារបន្ថែមសម្រាប់លក់កសិផលរបស់កសិករកម្ពុជា ដែលកន្លងមកក៏បានជួបបញ្ហាខ្វះទីផ្សារលក់ផងដែរ សំដៅធ្វើយ៉ាងណារួមគ្នាជួយកសិករ ដែលតស៊ូបង្កបង្កើនផលក្នុងស្រែចម្ការនោះ ឱ្យចាកផុតពីទុក្ខកង្វល់រឿងខ្វះទីផ្សារលក់កសិផល ឬតម្លៃកសិផលចុះថោកជាដើម។

លោកបានមើលឃើញពីការរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជា ដែលមិនអាចកាត់ផ្ដាច់បានពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដោយសារកត្តាខាងលើនេះហើយ ទើបជំរុញទឹកចិត្តរបស់លោក ឡី សុភាព ឱ្យប្ដេជ្ញាគាំទ្រ និងខិតខំកៀរគរដៃគូវិស័យឯកជនពាក់ព័ន្ធនានា ឱ្យចូលរួមធ្វើកិច្ចការសំខាន់យ៉ាង ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ព្រមទាំងដើម្បីលើកទឹកចិត្តឱ្យកសិករមានកម្លាំងបង្កបង្កើនផលកសិកម្មឱ្យបានកាន់តែច្រើន រួមចំណែកបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិផងដែរ។

លោក ឡី សុភាព ក៏បានអំពាវនាវដល់វិស័យឯកជន ដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្មនេះ ពិសេសអ្នកលក់ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នដំណាំជាដើមនោះ សូមគិតគូរជាចាំបាច់ចំពោះផលប៉ះពាល់ដល់សុខភាព បរិស្ថាន ស្ថិរភាព និងនិរន្តរភាពដីស្រែចម្ការរបស់ប្រជាកសិករ មិនអាចដើម្បីតែផលចំណេញរបស់ខ្លួន បង្កការបំផ្លាញដល់ដីរបស់ប្រជាកសិករ បំផ្លាញសុខភាពអ្នកបរិភោគនោះឡើយ ហើយលោកក៏បានអំពាវនាវដល់ប្រជាកសិករ ក៏ត្រូវគិតគូរដល់បញ្ហាប្រឈមទាំងនេះផងដែរ៕