(ភ្នំពេញ)៖ លោក សាយ ពន្លឺចិត្តករុណា ម្ចាស់សិប្បកម្មកែច្នៃទឹកម្នាស់ធម្មជាតិ១០០% នៅខេត្តស្ទឹងត្រែង បានលើកឡើងថា វេទិការផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩នេះ ពិតជាមានផលប្រយោជន៍ច្រើនណាស់ សម្រាប់សិប្បកម្មកែច្នៃខ្នាតតូចៗ ក្នុងការស្វែងរកដៃគូសម្រាប់ផ្គូផ្គងអាជីវកម្មជាមួយនឹងកន្លែងផ្សេងៗទៀត ដើម្បីពង្រីកមុខរបរឱ្យកាន់តែធំបន្ថែមទៀត។

លោក សាយ ពន្លឺចិត្តករុណា បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានចូលរួមស្តាប់ ក្នុងវេទិការផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩នេះ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារA។ ដោយមានវាគ្មិនជាច្រើនរូបដែលសុទ្ធតែជាអ្នកជោគជ័យ និងមានជំនាញច្បាស់លាស់ បានចូលរួមបកស្រាយលើប្រធានបទផ្សេងៗគ្នា ជាច្រើនប្រធានបទផងដែរ។

លោក សាយ ពន្លឺចិត្តករុណា បានលើកឡើងថា វេទិការផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩នេះ ពិតជាមានផលប្រយោជន៍ ច្រើនណាស់សម្រាប់សិប្បកម្មរបស់លោក ក្នុងការស្វែងរកដៃគូសម្រាប់ផ្គូផ្គងអាជីវកម្ម ជាមួយនឹងកន្លែងផ្សេងៗទៀត ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស និងចែកចាយនៅតាមបណ្តាខេត្តផ្សេងៗជាច្រើនទៀត ព្រោះកាលណាទីផ្សារលក់ចេញកាន់តែធំ គឺលោកនឹងមានឱកាសពង្រីកសិប្បកម្មតែធំបន្ថែមទៀត ដើម្បីអាចជួយដល់កសិករបានកាន់តែច្រើន ដែលអាចជួយដល់កសិករដែលមានខ្វះខាត ទៅជាកសិករដែលមានចំណូលសម្រាប់ខ្លួនឯងគ្រប់គ្រាន់ផងដែរ។

ម្ចាស់សិប្បកម្មកែច្នៃទឹកម្នាស់ធម្មជាតិរូបនេះបានបញ្ជាក់ទៀតថា ក្នុងវេទិការផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩ លោកទទួលបានការយល់ដឹងច្រើនពាក់ព័ន្ធជាមួយនឹងទីផ្សារនាំចេញ ក្នុងការចាប់ដៃគូររកទីផ្សារក្រៅប្រទេស និងវិធីសាស្ត្រក្នុងការចាប់ដៃគូរជានឹងក្រុមហ៊ុននៅប្រទេសផ្សេងៗ ដើម្បីលក់ផលិតផលបន្ត ឱ្យទៅខាងគេបានកាន់តែច្រើនបន្ថែមទៀត ជាមួយគ្នានោះដែរលោកក៏បានដឹងពីវិធីក្នុងការកែច្នៃវត្ថុធាតុដើម ធ្វើយ៉ាងណាឱ្យមានគុណភាព មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព និងមានប្រយោជន៍ចំពោះអ្នកបរិភោគផងដែរ។

សូមបញ្ជាក់ដែរថា វេទិការផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩នេះ បានធ្វើឡើងរយៈពេល៣ថ្ងៃពេញ ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឱ្យអ្នកផលិតបានវត្ថុធាតុដើម និងអ្នកសហគ្រាសកែច្នៃចំណីអាហារ បានជួបពិភាក្សាគ្នាធ្វើការផ្គូផ្គងអាជីវកម្មជាមួយគ្នា ដើម្បីស្វែងរកទីផ្សារឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងវេទិការយៈពេល៣ថ្ងៃពេញនេះដែរក៏មានកិច្ចពិភាក្សាគ្នា លើប្រធានបទសំខាន់ៗ ជាមួយនឹងវាគ្មិនជាច្រើនរូប ដែលសុទ្ធតែជាអ្នកជោគជ័យ និងមានជំនាញច្បាស់លាស់ ដោយបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន១១ដែលមានដូចជា៖
ទី១៖ ឱកាសក្នុងអាជីវកម្មកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម និងកត្តាកំណត់ជោគជ័យនៃអាជីវកម្ម
ទី២៖ បទពិសោធន៍ជាក់ស្តែងស្តីពីដំណើរការ និងការពង្រីកអាជីវកម្មកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម
ទី៣៖ ការឆ្ពោះទៅអាជីវកម្មផ្លូវការ ( អត្ថន័យ អត្ថប្រយោជន៍ ពេលវេលា ទីកន្លែង អ្នកណា និងរបៀបណា)
ទី៤៖ ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញប្បទាន
ទី៥៖ ការពង្រឹងផលិតភាព និងផលិតផល
ទី៦៖ បច្ចេកវិទ្យាវិទ្យាសាស្ត្រចំណីអាហារ ( អត្ថន័យ អត្ថប្រយោជន៍ ពេលវេលា ទីកន្លែង អ្នកណា និងរបៀបណា)
ទី៧៖ សុវត្ថិភាព និងស្តង់ដារចំណីអាហារ ( អត្ថន័យ អត្ថប្រយោជន៍ ពេលវេលា ទីកន្លែង អ្នកណា និងរបៀបណា)
ទី៨៖ យុទ្ធសាស្ត្រជំរុញការលក់ និងទីផ្សារ
ទី៩៖ ស្ត្រីក្នុងអាជីវកម្មកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម
ទី១០៖ ឱកាស និងនិតិវិធីសម្រាប់នាំចេញផលិតផលកែច្នៃចំណីអាហារ និងផលិតផលកសិកម្មកែរច្នៃ
ទី១១៖ ដំណោះស្រាយគ្រឿងម៉ាស៊ីនកែច្នៃ និងសម្ភារៈវេចខ្ចប់៕