ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព និងក្រមសីលធម៌ ដល់អ្នកអានព័ត៌មាន
18-08-2019 18:20
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលារយៈពេលមួយថ្ងៃ ដើម្បីពង្រឹងសមត្ថភាព ក្រមសីលធម៌ និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដល់អ្នកអានព័ត៌មាន ពិធីករ វិទ្យុ និងទូរទស្សន៍។
សិក្ខាសាលានេះនឹងធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ រៀបចំដោយក្រសួងព័ត៌មានសហការជាមួយសាកលវិទ្យាល័យអន្ដរជាតិ (IU)។ លោក លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នឹងអញ្ជើញបើកសិក្ខសាលា ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នឹងអញ្ជើញបិទសិក្ខាសាលានេះ។
លោក ជុំ កុសល បញ្ជាក់ប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះ ដើម្បីបង្កើនសមត្ថភាពដល់អ្នកអានព័ត៌មាន ពិធីករ វិទ្យុ ទូរទស្សន៍ ក្នុងការអានព័ត៌មាន បន្ទាប់ពីក្រសួងពិនិត្យឃើញថា អ្នកអានព័ត៌មាន នៅតាមបណ្ដាទូរទស្សន៍ ប្រើពាក្យពេចន៍ខ្មែរនៅមានកម្រិតនៅឡើយ។
ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅសិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្រពីក្រសួងព័ត៌មានផងដែរ៕