(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរក្រុងសួង និងមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាលពលរដ្ឋ និងថ្លែងអំណរគុណ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិនចំនួន៣១៣នាក់ ដែលចុះមកពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យ និងអង្ករម្នាក់១០គីឡូក្រាម ជូនប្រជាពលរដ្ឋនៅក្រុងសួង ប្រមាណ២,០០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណ វត្តជ្រៃបិទមាស ស្ថិតនៅសង្កាត់សួង ក្រុងសួង។
នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ ក្នុងនាមអាណាព្យាបាលពលរដ្ឋទូទាំងខេត្ត បានសម្តែងនូវក្តីរីករាយស្វាគមន៍ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសចិន ដែលបានចុះមកផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់ និងភាពមនុស្សធម៍ លើវិស័យសុខាភិបាល ដល់ពលរដ្ឋក្នុងខេត្ត។
លោកក៏បានអំពាវនាវឲ្យពលរដ្ឋ ត្រូវថែរក្សាសុខភាពខ្លួនឲ្យបានល្អ មើលថែកូនចៅប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺគ្រុនឈាម និងត្រូវរក្សាអនាម័យរស់នៅដោយផឹកស្អាត ហូបស្អាត និងរស់នៅស្អាត ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់នានា។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសចិននេះ និងចុះពិនិត្យព្យាបាលចំនួន៥ថ្ងៃ តាមបណ្តា៥ក្រុងស្រុក ក្នុងខេត្តត្បូងឃ្មុំ ដោយព្យាបាលជំងឺទូទៅ ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងអង្ករម្នាក់១០គីឡូក្រាមបន្ថែម ជូនពលរដ្ឋប្រមាណជាង១ម៉ឺននាក់។
បើតាមលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ការចូលរួមរបស់អង្គការសមាគមនានា លើវិស័យសុខាភិបាលដែលបានមានលក្ខណៈជាមនុស្សធម៌ បានផ្តោតលើតែសេវាព្យាបាល ជាក់ស្តែង៦ខែដើមឆ្នាំនេះ មានក្រុមគ្រូពេទ្យនានា បានចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ។
លោកបញ្ជាក់ថា ក្នុងនោះក្រុមគ្រូពេទ្យសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ បានចំនួន៥លើក នៅស្រុកត្បូងឃ្មុំ ក្រុងសួង ស្រុកមេមត់ និងស្រុកពញាក្រែក។
* ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋបាន១លើក នៅស្រុកតំបែរ
* ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋបាន១លើក នៅស្រុកអូរាំងឪ
* ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសសឹង្ហបូរី បានពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកពញាក្រែកឃុំកក់ បាន១លើករយៈពេល១សប្តាហ៍
* ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តតៃនិញ ប្រទេសវៀតណាម តាមរយៈសាខាកាកបាទក្រហមខេត្ត បាន១លើក នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
ដោយឡែកនៅថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រទេសចិន មកពិនិត្យព្យាបាលជូនពលរដ្ឋ ចំនួន៥ថ្ងៃ នៅតាមបណ្តា៥ក្រុងស្រុក ក្នុងខេត្តត្បូងឃ្មុំ៕