(កំពត)៖ ថ្លែងចេញពីខេត្ដកំពត លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែមានមហិច្ឆតា ក្នុងការធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានភាពសម្បូរសប្បាយ និងចង់ឲ្យជំនាន់កូនចៅប្រជាពលរដ្ឋ កាន់តែសម្បូរសប្បាយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា វត្តពោធិ៍រាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នៅតែមានមហិច្ឆតា ក្នុងការធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពសម្បូរសប្បាយ និងចង់ឲ្យជំនាន់កូនចៅ ប្រជាពលរដ្ឋ កាន់តែសម្បូរសប្បាយ។ នេះហើយគឺជាគោលដៅនៃការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលមួយបន្ថែមទៀត បន្ថែមសមិទ្ធផលដែលយើង បានកសាងជាច្រើនលើគ្រប់វិស័យ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា អ្វីដែលជាគោលដៅតទៅមុខទៀត គឺពង្រីកឱកាសការងារ ឱកាសរៀនសូត្រ ឱកាសចិញ្ចឹមជីវភាព ដើម្បីឲ្យកាន់តែល្អប្រសើរ។ អ្វីដែលសំខាន់បំផុត គឺសុខសន្តិភាព ដែលយើងខិតខំស្វែងរក និងរក្សាឲ្យបានទុកឲ្យកូនចៅជំនាន់ក្រោយ កុំឲ្យមានសង្គ្រាមតទៀត។ យើងគ្រប់គ្នាក្នុងទិសដៅតែមួយ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ យើងរីកចម្រើនតទៅមុខ ថែរក្សាសុខសន្តិភាព កសាងសមិទ្ធផលឲ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងទៀតថា ការថែរក្សាសុខសន្តិភាព គឺអាស្រ័យលើកត្តា២សំខាន់ ទី១៖ គឺកត្តាអ្នកដឹកនាំដែលដឹកនាំប្រទេស ដោយគោលការណ៍សាមគ្គី បង្រួបបង្រួមជាតិមិនលាបពណ៌គ្នា ឲ្យវាយគ្នា ឈ្លោះគ្នានោះទេ។ ទី២៖ គឺកត្តាប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព បើប្រជាពលរដ្ឋមិនចូលរួម ហើយប្រជាពលរដ្ឋចូលតាមការអូសទាញ ទៅក្នុងសកម្មភាពអ្វីមួយ ដែលបំផ្លាញសុខសន្តិភាពនោះ គឺយើងអាចបាត់បង់ដែរ។
លោកថា ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល តាំងពីឆ្នាំ១៩៧៩ មកជាខ្មែរតែមួយ ទោះបីជាមានច្រើនភាគទីយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន មិនគិតថាបក្សណា ឬបក្សណានោះទេ គឺយើងរួមគ្នាកសាងប្រទេស ឲ្យមានការរីកចម្រើន និងមានសេចក្តីសុខដូចសព្វថ្ងៃនេះ។
លោក ហ៊ុន ម៉ាណែត បានបន្ដទៀតថា ភាពសម្បូរសប្បាយរបស់យើងមាន នៅក្នុងសុខសន្តិភាពនៅក្នុងបេះដូង នៅក្នុងអារម្មណ៍របស់យើង ជាមូលដ្ឋាននៅក្នុងការកសាងប្រទេស ឲ្យមានការរីកចម្រើន ដែលជាមូលដ្ឋាន ដែលយើងរាប់អានស្រឡាញ់គ្នា គោរពគ្នាមិនរើសអើង។ យើងរួមគ្នាយើងកសាងបានប៉ុណ្ណេះហើយ យើងចូលរួមថែរក្សាសេចក្តីសុខ កុំឲ្យវាយគ្នាចែកទឹកដីទៀត កុំឲ្យមានសង្គ្រាមគ្រប់រូបភាពកើតឡើង។
លោកថា «នេះហើយគឺជាគោលគំនិត គោលបំណងតែមួយគត់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ សូមលោកយាយលោកតាប្រជាពលរដ្ឋជឿទុកចិត្តការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដរាបណាប្រជាពលរដ្ឋនៅបន្តគាំទ្រ គាត់នឹងខិតខំថែរក្សាសុខសន្តិភាព បង្រួបបង្រួមជាតិ កសាងប្រទេសឲ្យរីកចម្រើនជាបន្តទៀត»៕