(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៤៣៩នាក់ នៅថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងចែកជូនថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី ដោយឥតគិតថ្លៃ ជូនពលរដ្ឋចំនួនប្រមាណ ៤៧៧៩នាក់ នៅភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅក្នុងសាលាបឋមសិក្សាគគីសោម ព្រមទាំងមានអាហារសាមគ្គីនំបញ្ចុក ចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។
សកម្មភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋមានក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែង នៅគ្រប់ពេលវេលា និងទីកន្លែង ព្រមទាំងថ្លែងអំណគុណចំពោះលោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ដែលមានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ទៅលើសុខភាពរបស់ពួកគាត់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមានការចូលរួមសហការពីលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ តាមរយៈលោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង តាមរយៈលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក ម៉ក់ សារុណ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្វាយទាបខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក ម៉ែន សារ៉ាន់ អភិបាលនៃគណៈអភិបាលស្រុកស្វាយទាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មន្ទីរសុខាភិបាលខេត្ត ស្វាយរៀង អាជ្ញាធរស្រុក ស្វាយទាប និង ស.ស.យ.ក ស្រុកស្វាយទាប។
ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយ:ខ្យល់ដង្ហើម ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម)...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនផងដែរថា ក្នុងរយៈពេលចាប់ពី (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៨ សីហា ឆ្នាំ២០១៩) ឈានចូលឆ្នាំទី៨ គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន ១៩៤លើកហើយ ដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន ៤,២៧៥នាក់់ (បួនពាន់ពីរយចិបសិបប្រាំនាក់ ) ហើយបានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ៤៦០,១៨៧នាក់ (សែសិបប្រាំមួយម៉ឺន សូន្យពាន់ មួយរយ ប៉ែតសិប ប្រាំពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៣១០,៤៨១នាក់ (សាមសិបមួយម៉ឺន សូន្យពាន់ បួនរយ ប៉ែតសិប មួយ នាក់) ក្នុង១៩រាជធានីខេត្ត ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋតាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់បងប្រធាន ហ៊ុន ម៉ានី ដោយលោកបានគាំទ្រ ណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីឱ្យសកម្មភាពមនុស្សធម៌នេះកើតមានក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំរបស់យើងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់នៃរបបមហន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ ។
ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមាចំពោះការចុះចុះពិនិត្យព្យាបាលនេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរបងប្រធាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តន៍៕