(ភ្នំពេញ)៖ ថ្ងៃស្អែកនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃ ក្នុងក្របខណ្ឌទូទាំងប្រទេស, អាជ្ញាធរសមត្ថកិច្ច បានត្រៀមយកចិត្តទុកដាក់ ពង្រឹងបញ្ហាសន្ដិសុខសណ្តាប់ធ្នាប់ ព្រមទាំងបញ្ហាអនាម័យ នៅមណ្ឌលប្រឡង។
ជាក់ស្ដែង នៅមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានដឹកនាំកម្លាំងពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ជុំវិញវិទ្យាល័យ-អនុវិទ្យាល័យ ដែលត្រូវរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
បើតាមលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា តាមការណែនាំពីអភិបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌ បានដឹកនាំមន្ដ្រីជំនាញ ចុះទៅរៀបចំពិនិត្យមើល ដើម្បីត្រៀមលក្ខណៈប្រឡងថ្ងៃស្អែក។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។
ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ខ្លួន ក៏បានក្រើនរំលឹកជាថ្មី ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ២០១៩ សូមទៅពិនិត្យលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡង នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ កុំបីអាក់ខាន។
ការជំរុញឲ្យបេក្ខជនទៅពិនិត្យមើលលេខតុ លេខបន្ទប់នេះ ដើម្បីងាយស្រួលសម្រាប់ការប្រឡងនៅថ្ងៃទី១៩ ខែសីហាស្អែកនេះ៕