(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបលឿន ជ្រុលបុករះរ៉ឺម៉កកង់បីឥណ្ឌា និងម៉ូតូ២គ្រឿង បណ្ដាលឲ្យមានអ្នករបួសធ្ងន់ម្នាក់ នៅខណ្ឌសែនសុខ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយវិថីសម្ដេចជាស៊ីម មុខផ្សារបឹងបៃតង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកបើករ៉ឺម៉កកង់បីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឈប់រ៉ឺម៉កកង់បី ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ព្រៃវែង 1N-7195 និងដាក់ភ្លើងសុំផ្លូវរួចក៏អង្គុយញាំអាហារ ស្រាប់មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Audi A7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-0304 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីចំពេញមួយទំហឹង រួចក៏បន្តទៅបុករះម៉ូតូ២គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7043 និងម៉ូតូធំមួយគ្រឿងទៀតម៉ាក HONDA CB400 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GR-4246 បណ្ដាលឲ្យមានអ្នករបួសធ្ងន់ម្នាក់ តែត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។
ចំណែកឯអ្នកបើកបររថយន្តស៊េរីទំនើបវិញ បានរត់គេចខ្លួនដោយមានរថយន្តមួយគ្រឿងទៀត រំដោះចេញទៅបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកើតហេតុរួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តរួមទាំងរ៉ឺម៉កកង់បី និងម៉ូតូទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយផងដែរ៕