(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ គឺការបើកសម្ពោធឲ្យដំណើរការនូវ បន្ទប់ពិនិត្យ និងព្យាបាលមាត់ធ្មេញដ៏ទំនើប និងពុំធ្លាប់មានពីមុនមក ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
បន្ទប់ពិនិត្យ និងព្យាបាលមាត់ធ្មេញនេះ មានការគាំទ្រពីលោកទន្តបណ្ឌិត ទិត ហុងយឺ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក្នុងការជួយឧបត្ថម្ភ និងជួយរៀបចំឲ្យមានបន្ទប់ព្យាបាលមាត់ធ្មេញ បំពាក់ឧបករណ៍ សម្ភារពិនិត្យ និងព្យាបាលមាត់ធ្មេញដ៏ទំនើប ព្រមទាំងបានដាក់កម្មវិធី ចុះមកជួយពិនិត្យ អប់រំ និងព្យាបាលជំងឺមាត់ធ្មេញ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាប្រចាំរៀងរាល់សប្តាហ៍។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការថែទាំ ការការពារ និងការព្យាបាលជំងឺមាត់ធ្មេញ ជាពិសេសចំពោះ មន្ត្រីក្រោមឱវាទគ្រប់រូប ដោយលោកតែងលើកយកបញ្ហាសុខភាព មកដាស់តឿនដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដាន និងពិនិត្យសុខភាពជាប្រចាំ ត្រូវដុសសម្អាតធ្មេញរៀងរាល់ ក្រោយពេលញុំាអាហាររួច និងកុំញុំាអាហារ ភេសជ្ជផ្អែមញឹកញាប់ពេក។
លោកទន្តបណ្ឌិត ទិត ហុងយឺ បានបញ្ជាក់ដែរថា មនុស្សភាគច្រើនគិតថា ការឈឺធ្មេញ ឈាមតាមអញ្ចាញធ្មេញ ធុំក្លិនមាត់ គឺជារឿងធម្មតា មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែតាមពិតរោគពុកធ្មេញ និងជំងឺអញ្ចាញធ្មេញ ជាជំងឺរីករាលដាលទៅ ជាលិកាជុំវិញធ្មេញ បង្កឲ្យមានខ្ទុះក្លិនមាត់អាក្រក់ រួចដំបៅ រីករាលដាលដល់កោសិកាផ្សេងទៀត ដូចជាសាច់ដុំ រន្ធឆ្អឹងលលាដ៏ក្បាល Sinus ថែមទាំងចូលក្នុង ប្រព័ន្ធឈាម និងបេះដូង រួចឆ្លងចូលទៅក្នុងប្រព័ន្ធ សរសៃប្រសាទ ហើយអាចបង្កឲ្យស្លាប់បាត់បង់ជីវិតបាន បើមិនមានពេទ្យជំនាញជួយសង្គ្រោះទាន់ពេលវេលា។
លើសពីនេះទៅទៀត ការថែទាំព្យាបាលធ្មេញនៅដំណាក់កាលដំបូង កុំឲ្យបាត់បង់ធ្មេញ អាចបញ្ឈប់បញ្ហាធ្ងន់ធ្ងរផ្សេងៗ នៅពេលខាងមុខបាន ដូចជាជំងឺក្រពះ ថ្លើម បេះដូង តំរងនោម សរសៃប្រសាទ ទឹកនោមផ្អែមជាដើម ដែលទាំងអស់នេះសុទ្ធតែជាជំងឺ ដែលត្រូវចំណាយប្រាក់កាសច្រើនដើម្បីព្យាបាល ដូច្នេះការថែទាំ សុខភាពមាត់ធ្មេញឲ្យបានល្អ គឺជាការចាំបាច់ខ្លាំងណាស់៕