(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី ១៧ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយលោក ប៉ែន កុសល្យ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣១០គ្រួសារ រស់នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលពិធីនេះបានរៀបចំនៅទីលានដំឡូង ភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការគិតគូរជានិច្ចចំពោះសុខទុក្ខ ជាពិសេសក្តីសោមនស្សរីករាយជាមួយប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ធ្លាប់ជាសមរភូមិប្រយុទ្ធប្រែក្លាយជាមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារដូចខាងក្រោម ៖
* សូមថែទាំសុខភាពឱ្យបានល្អដេីម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវជៀសវាងជំងឺលេីសឈាម ជំងឺបេះដូង ឈឺសន្លាក់ ឬទឹកនោមផ្អែម។ល។
* សូមសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស គេងក្នុងមុងជានិច្ចជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ហេីយប្រសិនបេីក្តៅខ្លួន ឬចេញរោគសញ្ញាណាមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យដេីម្បីព្យាបាលជាបន្ទាន់ ជៀសវាងបណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។
* សូមស្ត្រីមានផ្ទៃពោះ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
- សូមស្ត្រីមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ត្រូវទៅពិនិត្យសុខភាពនិងពិគ្រោះជាមួយគ្រូពេទ្យដេីម្បីបង្ការការឆ្លងមេរោគពីម្តាយទៅកូន។
* សូមចូលរួមចំណែកទាំងអស់គ្នា លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដេីម្បីលេីកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
* សូមប្រជាពលរដ្ឋគិតគូរពីសុវត្ថិភាពចរាចរណ៍ ដែលជាបញ្ហាប្រឈមបង្កឱ្យមានការស្លាប់និងពិការភាពជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកាថ្លៃធ្វេីដំណេីរចំនួន ១ម៉ឺនរៀល៕