(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ពាក់ព័ន្ធការចាប់បញ្ជូនជនជាតិចិន ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទៅប្រទេសចិនវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ជូន ជូនសាធារណជនជាតិ-អន្តរជាតិ ឲ្យបានជ្រាបដូចតទៅ៖
*ទី១៖ ការចាប់ខ្លួនជនជាតិចិនដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងការបណ្តេញជនជាតិចិនទាំងនេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងផ្អែកតាមស្មារតីនៃអនុស្សារណៈ រវាង
ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជា។
*ទី២៖ ជនល្មើសដែលត្រូវបានចាប់ខ្លួន និងបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជា គឺជាជនដែលមានដីកា ស្វែងរកចាប់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសចិន ដែលនឹងត្រូវយក ទៅអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅប្រទេសចិន ពោលគឺមិនដោះលែងឲ្យរួចខ្លួននោះទេ។
*ទី៣៖ ជនល្មើសបរទេសទាំងឡាយ ដែលត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នឹងត្រូវដាក់បញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅ (Black List) នៃប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ ហើយមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលមកកម្ពុជាជាថ្មីទៀតឡើយ។
*ទី៤៖ កន្លងមកអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ធ្លាប់បានចាប់បញ្ជូនខ្លួនជនបរទេសផ្សេងទៀតដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសនៅក្នុងប្រទេស របស់ខ្លួន ឲ្យទៅប្រទេសខ្លួនវិញផងដែរ ស្របតាមស្មារតី នៃអនុស្សារណៈរវាងប្រទេសទាំងពីរ។ ចាប់ពីឆ្នាំ២០១៤ ដល់ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបណ្តេញចេញជនជាតិចិនប្រមាណជាង ២.៧០០នាក់ ដែលចំនួននេះអាច ជាអម្រែកដ៏ធ្ងន់មួយនៃថវិកាជាតិ ប្រសិនបើជនទាំងនេះត្រូវបានឃុំឃាំងនៅប្រទេសកម្ពុជា។
*ទី៥៖ រាល់ការចុះប្រតិបត្តិការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនល្មើស ទោះបីជាជនល្មើសនោះជាពលរដ្ឋខ្មែរ ឬជាជនបរទេសក្តី អាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា តែងតែធ្វើការស៊ើបអង្កេតស្រាវជ្រាវប្រមូលភស្តុតាងឲ្យបានគ្រប់តាមផ្លូវច្បាប់ជាមុន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់អ្នកវិភាគមួយចំនួនចំពោះបញ្ហានេះ ដែលបានលើកឡើងដោយខ្វះមូលដ្ឋានព័ត៌មាន និងមូលដ្ឋានផ្លូវច្បាប់ ច្បាស់លាស់ ដែលអាចបណ្តាលឲ្យសាធារណមតិជាតិ-អន្តរជាតិ មានការភ័ន្តច្រឡំចំពោះវិធានការ និងដំណើរការនីតិវិធីរបស់អាជ្ញាធរ មានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តកិច្ចសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីធានារក្សានូវសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋគ្រប់រូប៕
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖