(ភ្នំពេញ)៖ ការប្រកាសកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាកាលបរិច្ឆេទនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៦ ខែសីហាម្សិលមិញ បានបង្កើតការសង្ស័យជាថ្មីទៀតថាវាគ្រាន់តែជាការបោកបញ្ឆោតសកម្មជនរបស់ខ្លួន និងបង្កើតព្រឹត្តិការណ៍ថ្មី ដើម្បីកុំឱ្យគេភ្លេចមុខនិងឈ្មោះ ក្រុមរបស់ខ្លួនតែប៉ុណ្ណោះ ដោយសារតែមិនមែន សម រង្ស៊ី ខ្លួនឯងឡើយដែលបានប្រកាសថា នឹងវិលត្រឡប់មកវិញ ប៉ុន្តែជាអ្នកញៀនល្បែង អេង ឆៃអ៊ាង ដែលនិយាយជំនួស សម រង្ស៊ី និងជាអ្នកចេញសេចក្តីប្រកាសព័ត៌មានក្រោមឆ័ត្រខ្មោចបក្សសង្ក្រោះជាតិ ដែលខ្លួនដណ្តើមបានពី កឹម សុខា។ អេង ឆៃអ៊ាង ដែលទើបតែត្រូវបានគេទម្លាយវិដេអូចូលលេងល្បែង ក្នុងកាស៊ីណូនៅសហរដ្ឋអាមេរិក ជាទីដែលគាត់កំពុងសម្ងំលាក់ខ្លួនក្រោយរត់ចោលស្រុក។
នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី និងវីអូអេ អេង ឆៃអ៊ាង មានភាពស្រពិចស្រពិលក្នុងការបញ្ជាក់ពីភាពប្រាកដប្រជានៃការវិលត្រឡប់របស់ សម រង្ស៊ី នេះនិងបានលើកឡើងថា ពីពេលនេះរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា អាចមានការប្រែប្រួលគ្រប់ពេល គឺមិនអាចទស្សន៍ទាយបានទេ។ នេះគឺជាល្បិចកលមួយដែល ក្រុមប្រឆាំងតែងតែ ប្រើដើម្បីគេចពីការសន្យារបស់ខ្លួនដូចសព្វមួយដង។ សម រង្ស៊ី ក៏អាចយកលេសថា ខ្មោចគណបក្សសង្គ្រោះជាតិមិនបានឱ្យខ្លួនវិលមកទេ ដូចដែល សម រង្ស៊ី តែងតែលើកមកប្រើប្រាស់ពេលការកំណត់វេលាចូលស្រុករបស់ខ្លួនខិតជិតមកដល់។ ប៉ុន្តែលើកនេះមនុស្សម្នាឈប់ជឿ បាត់អស់ទៅហើយព្រោះគេដឹងចរិតនយោបាយមាន់សម្លរនិងខ្លាចគុករបស់ សម រង្ស៊ី ច្បាស់ណាស់។
ដូច្នេះបង្ហាញយ៉ាងច្បាស់ថា ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា នៃការវិលត្រឡប់មកវិញរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី គឺដើម្បីចិញ្ចឹមចលនាប្រឆាំងនៅក្នុង ប្រទេសកម្ពុជាតែប៉ុណ្ណោះ និងជាការឆ្លៀតឱកាសពេលដែលសហភាពអឺរ៉ុបបាន និងកំពុងពិចារណាបន្ថែមលើការអនុគ្រោះពន្ធលើទំនិញកម្ពុជា។ ការអះអាង ថាការវិលត្រឡប់មកវិញរបស់សមរង្ស៊ីដើម្បីជួយដោះស្រាយបញ្ហា EBA គឺគ្រាន់តែជាលេសប៉ុណ្ណោះ ខណៈក្រុមប្រឆាំងនេះហើយដែលបានដើរអង្វរបរទេស បំផ្លាញសេដ្ឋកិច្ចកម្ពុជា បំបែកឆ្នាំងបាយប្រជាជនកម្ពុជាជាពិសេសកម្មករកម្មការិនីដោយលត់ជង្គង់អង្វរកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ ប៉ុន្តែ ពេលនេះក្រុមវង្វេងជាតិទាំងនេះបែរជាមកធ្វើចិត្តល្អ តាំងខ្លួនជាអ្នកស្នេហាជាតិ យំស្រែកចង់មកជួយដោះស្រាយបញ្ហាទៅវិញ។
តែតាមពិតទឹកភ្នែក និងស្រែកយំរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី អេង ឆៃអ៊ាង និង មូរ សុខហួរ ជាទឹកភ្នែកក្រពើ និងសម្រែកយំរបស់ក្រុមជនបំផ្លាញជាតិប៉ុណ្ណោះ។ ការប្រកាសថ្ងៃនៃការវិលត្រឡប់មកកម្ពុជាវិញនេះគឺដើម្បីអាច សម រង្ស៊ី ធ្វើតេស្តកម្លាំងថា មានអ្នកគាំទ្រខ្លួនដែរឬទេ ព្រោះចាប់តាំងពីដើមរៀងមក សម រង្ស៊ី តែងតែបន្តការអនុវត្តផែនការបដិវត្តន៍របស់ខ្លួនជានិច្ច ដោយបានបង្កការញុះញង់ ចលាចលក្នុងសង្គមតាមរយៈការញុះញង់កងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បញ្ជា ការបញ្ឆេះកំហឹងជាតិ សាសន៍ប្រឆាំងនឹងជនបរទេសរស់នៅកម្ពុជា ការញុះញង់ពលរដ្ឋឱ្យរំលោភបំពានសាលដីការបស់តុលាការ កំពូល ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ប្រតិបត្តិករនៃផែនការបដិវត្តន៍ពណ៌ និងដើម្បីបុព្វហេតុ នៃការផ្លាស់ប្តូរ។
អេង ឆៃអ៊ាង ដែលជាអ្នកមេគំនិតធ្វើបក្សប្រហារក៏បាននិយាយកាលពីថ្ងៃទី១៦ ខែសីហា ជាមួយវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ពាក្យសម្តីមួយម៉ាត់ណាក៏បង្កប់ដោយការញុះញង់ បង្កចលាចលដើម្បីគោលដៅ «ការផ្លាស់ប្តូរ» ដែរ ក្រោមរូបភាពស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែល ចៅហ្វាយនាយបរទេសរបស់ពួកគេក៏តែងតែលើកឡើងដែរ។
តើផ្លាស់ប្តូរអ្វីទៅបើកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ ហើយប្រជាជនកម្ពុជាកំពុងតែរស់នៅក្នុងសេចក្តីសុខ សប្បាយរីករាយនិងការអភិវឌ្ឍនោះ? តើអ្វីដែលជាគោលបំណងនយោបាយពិតប្រាកដនៃពាក្យថា «ការផ្លាស់ប្តូរ» ឬ«ការផ្លាស់ប្តូរជាវិជ្ជមាន» ដែលទណ្ឌិត សម រង្ស៉ី និងក្រុមក្បត់ជាតិរបស់ខ្លួនបាន លើកឡើងនៅក្នុងសារនយោបាយរបស់ខ្លួននោះ? សម្រាប់អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា ពាក្យថា «ផ្លាស់ប្តូរ» ឬ «ផ្លាស់ប្តូរជាវិជ្ជមាន» ដែល សម រង្ស៉ី និងបក្ខពួកខ្លួន តែងលើកឡើងគឺមានបង្កប់នូវល្បិចកលនយោបាយដ៏ពិសពុល ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី ដើម្បីដណ្តើមអំណាច ដែលជាវិធីខុសច្បាប់ និងមិនប្រជាធិបតេយ្យ ហើយដែលអាចនាំគ្រោះថ្នាក់ដល់ជាតិនិងប្រជាជនកម្ពុជា។
ចុងក្រោយនេះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បន្ទាប់ពីដណ្តើមបានតួនាទីដឹកនាំក្រុមប្រឆាំងក្រៅប្រទេសពី កឹម សុខា រួចមក ក៏បានប្រកាសជាចំហរអំពីផែនការ វិលត្រឡប់មកកម្ពុជាវិញ។ សម្រាប់អ្នកវិភាគនយោបាយខ្មែ បានមើលឃើញច្បាស់ថា ផែនការនៃការវិលត្រឡប់នេះ គឺធ្វើឡើងនៅក្នុងរបៀបវារៈនៃដំណើរឆ្ពោះទៅកាន់ ការប៉ុនប៉ងជាថ្មី ដើម្បីធ្វើបដិវត្តន៍ពណ៌ដណ្តើមអំណាច បន្ទាប់ពីចលនាបដិវត្តន៍ពណ៌នេះ បានបរាជ័យ និងដួលរលំជាស្ថាពរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មានហេតុផលសំខាន់ៗ និងច្បាស់លាស់ចំនួន៣ដែលបង្ហាញថា ការប្រកាសពីការវិលត្រឡប់របស់ សម រង្ស៊ី នេះ គឺជាល្បិចកលនយោបាយ និងគ្មានគោលដៅអ្វីក្រៅពីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះឡើយ ៖
ហេតុផលទី១៖ សម រង្ស៊ី គឺជាទណ្ឌិត ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាមានដីកាពីតុលាការ ដើម្បីស្វែងរកចាប់ខ្លួន។ ដំបូងគេនឹកស្មានតែ សម រង្ស៊ី ជាមនុស្សក្លាហាន ដែលប្រកាសចូលស្រុកហ៊ានឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈម នឹងការអនុវត្តច្បាប់របស់តុលាការ។ ប៉ុន្តែតាមការសិក្សាប្រវត្តិរបស់ សម រង្ស៉ី កន្លងមក សម រង្ស៉ី ជាមនុស្សខ្លាចគុក ខុសពី កឹម សុខា ហើយតែងរត់ចោលស្រុក ដើម្បីគេចខ្លួននៅពេលមានដីកាចាប់ខ្លួនពីតុលាការ។ សម រង្ស៊ី តែងទទួលរងការរិះគន់អំពីរឿងនេះ ជាពិសេសពីសំណាក់ក្រុម កឹម សុខានិយម ប៉ុន្តែ សម រង្ស៉ី តែងលើកឡើងការពារខ្លួនថា ការរត់ទៅក្រៅស្រុក ដើម្បីបន្តការតស៊ូនៅក្រៅប្រទេស ប្រសើរជាងជាប់គុកឥតប្រយោជន៍ដូច កឹម សុខា និង ស្លាប់ដោយគ្មានន័យដូច កែម ឡី។
ដូច្នេះការប្រកាសពីការវិលត្រឡប់វិញរបស់ សម រង្ស៊ី ទោះបីជាពេលនេះបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែពុំមែនក្នុងហេតុផលឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់នោះឡើយ។
ហេតុផលទី២៖ ការប្រកាសវិលត្រឡប់វិញរបស់ សម រង្ស៊ី នៅឆ្នាំ ២០១៩ ខុសពីស្ថានភាពនៅខែកក្កដា ឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៣ ការវិលត្រឡប់របស់ សម រង្ស៉ី មកកម្ពុជា គឺមានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ ហើយនៅពេលនោះ សម រង្ស៉ី គឺជាប្រធានគណបក្សសង្គ្រោះជាតិស្របច្បាប់ ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។
ដូច្នេះការវិលត្រឡប់របស់ សម រង្ស៊ី នៅពេលនោះ គឺមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែការប្រកាសវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ២០១៩ នេះ គឺមិនដូចកាលពីឆ្នាំ២០១៣ ឡើយ ដោយសារនៅពេលនេះ សម រង្ស៊ី ជាទណ្ឌិតដែលមានដីកាស្វែងរកចាប់ខ្លួន និងមេដឹកនាំនៃចលនានយោបាយខុសច្បាប់ នៅក្រៅប្រទេស។ ម្យ៉ាងទៀតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រៀងរាល់៥ឆ្នាំ បានប្រព្រឹត្តទៅរួចទៅហើយ កាលពីឆ្នាំ ២០១៨។
ដូច្នេះការប្រកាសវិលត្រឡប់មកវិញរបស់ សម រង្ស៉ី នាពេលនេះ គឺមិនមែនក្នុងហេតុផលដើម្បីចូលរួមក្នុងការបោះឆ្នោតនោះទេ។ គ្រប់គ្នានៅចាំបានច្បាស់ថា នៅពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីឆ្នាំ ២០១៨ កន្លងទៅ សម រង្ស៉ី បានដឹកនាំយុទ្ធនាការបំផ្លាញចោល ការបោះឆ្នោតនេះ តាមរយៈការរារាំងមិនឱ្យគណបក្សនានាចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងការរារាំងមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត ក្រោមទិសស្លោក «ដេកផ្ទះ ឈ្នះឯង»។
ប៉ុន្តែយុទ្ធនាការនេះបានទទួលបរាជ័យ ដោយសារការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី និងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់របស់កម្ពុជា ព្រមទាំងមានគណបក្សនយោបាយចំនួន ២០ បានចូលរួមប្រកួតប្រជែង ហើយអ្នកបោះឆ្នោតចំនួន ៨៣,០២% បានចេញទៅបោះឆ្នោត។
ហេតុផលទី៣៖ ក្នុងផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅប្រទេសបានរៀបចំសកម្មភាពចំនួន ៥៖
១)-បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី
២)-ពង្រីកសកម្មភាពការទូត ៣)-ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗនៅក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋសំដៅជំរុញចលនាខាងក្នុងដែលបានបាត់បង់ជំនឿ និងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ ៤)-ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថាខ្លួននៅតែមានសកម្មភាពនិងមានគេទទួលស្គាល់ និង ៥)-រៀបចំថវិកាសម្រាប់អនុវត្តផែនការ។ បន្ថែមលើ សកម្មភាពទាំង ៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុក ប្រឆាំងនឹងរាជ
រដ្ឋាភិបាល តាមរយៈការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច តាមរយៈបំផុស បំភាន់ បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គម តាមគ្រប់រូបភាព។
ការរៀបចំកម្លាំងប្រឆាំងខាងក្នុង ដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះ ជាខែលការពារខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះ ច្បាស់ណាស់ថា គោលដៅនយោបាយពិតប្រាកដនៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មី ដើម្បីដឹកនាំចលនាបដិវត្តន៍ពណ៌ជាថ្មី ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអនុគ្រោះផ្នែកនយោបាយសម្រាប់ក្រុមប្រឆាំងញុះញង់ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ជាថ្មី។
ផ្អែកលើហេតុផលខាងលើ គ្រប់គ្នាមានភាពប្រាកដនិយមថា ផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី ដើម្បីមកដឹកនាំធ្វើបដិវត្តពណ៌ជាថ្មី ក្នុងការដណ្តើមអំណាចនៅកម្ពុជា គឺនឹងមិនអាចសម្រេចតាមផែនការ និងគោលដៅបាននោះឡើយ ដោយហេតុថា ៖
ទី១៖ ការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី ក្នុងល្បិចកលដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី គឺជាអំពើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមលក្ខណៈម្ចាស់ការទាំងផ្នែកកម្លាំង និង មធ្យោបាយអនុវត្តគ្រប់ជ្រុងជ្រោយរួចហើយ។ ការរៀបចំកម្លាំងក្នុងមួយឃុំចំនួន ៥ នាក់ ក្រោមលេសទៅទទួល
ទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាការចូលរួមក្នុងផែនការបដិវត្តន៍ពណ៌ ដែលជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការច្បាប់ បាននៅគ្រប់ពេល ហើយកន្លងទៅនេះ អ្នកដែលមិនគោរព តាមសាលដីកាតុលាការកំពូលជាច្រើននាក់ត្រូវបានកោះហៅទៅសាកសួរ និងខ្លះដែលនៅតែងងើលបន្តបំ ពានសាលដីកាក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននិងធ្វើការចោទប្រកាន់ផងដែរ ព្រោះក្នុងតម្លៃណា ក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍឡើយ។
ទី២៖ ប្រជាជនកម្ពុជាជាអ្នកស្រឡាញ់សន្តិភាព និងយល់ដឹងច្បាស់ថា ការចូលរួមធ្វើបដិវត្តន៍
ពណ៌ ដើម្បីមហិច្ឆតាអំណាចរបស់ សម រង្ស៊ីនិងបក្ខពួក គឺជាការបំផ្លាញសន្តិភាព សេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ទី៣៖ ប្រជាជនកម្ពុជាយល់ដឹងច្បាស់ណាស់ថា ការឡើងកាន់អំណាចនៅកម្ពុជា គឺត្រូវធ្វើឡើងដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅរៀងរាល់ ៥ ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅរួចហើយកាលពីឆ្នាំ២០១៨ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នឹងត្រូវប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខ។
ទី៤៖ សាធារណមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងច្បាស់ថាតាមច្បាប់ខ្មោចគណបក្សសង្គ្រោះជាតិដែលតុលាការរកឃើញថា បានឃុបឃិតនិងជាឧបករណ៍បដិវត្តន៍ពណ៌នឹងមិនអាចរស់ឡើងវិញឡើយ ហើយក៏គ្មានការបោះឆ្នោតឡើងវិញដែរ អាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុង ស្រុកខណ្ឌ ខេត្តរាជធានីនៃខ្មោចគណបក្សសង្គ្រោះជាតិក៏នឹងមិនអាចរស់ឡើងវិញដែរ។
អ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា ការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៉ី ក្នុងពេលនេះគឺជាដំណើរក្នុងស្ថានភាពប្រថុយប្រថាន ដែលនឹងនាំគ្រោះថ្នាក់ដ៏ធំសម្រាប់រូបទណ្ឌិត សម រង្ស៊ី ហើយអ្នកចាញ់បោកក្នុងឧបាយកលនយោបាយរបស់ក្រុមប្រឆាំង ដោយចូលរួមគាំទ្រចលនាបដិវត្តន៍ពណ៌ជាថ្មី ក្រោមលេសនៃ «ការផ្លាស់ប្តូរ» ក៏នឹងត្រូវរងគ្រោះថ្នាក់ និងប្រឈមមុខនឹងផ្លូវច្បាប់ដោយគេចមិនផុតផងដែរ។
ជារួមប្រជាជនកម្ពុជាមិនត្រូវការឡើយនូវបដិវត្តន៍ពណ៌ គឺប្រជាជនកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងឱ្យមានបោះឆ្នោតជាទៀងទាត់ នៅរៀងរាល់ ៥ ឆ្នាំម្តង ស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ!
ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩