(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានប្រារព្ធសន្និបាតសាខា អាណត្តិទី២ (២០១៩-២០២៥) ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា, លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា អាណត្តិទី២នេះ និងជាប្រធានអង្គសន្និបាត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល អ្នកសង្កេតការណ៍ មន្ទីរពាក់ព័ន្ធ ក្រុមប្រតិបត្តិសាខា និងក្រុមយុវជនកាកបាទក្រហមកម្ពុជា។
ក្នុងអង្គសន្និបាតអាណត្តិទី២នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងលោក ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា និងអនុប្រធាន២២រូបទៀត។
អង្គសន្និបាត អាណត្តិទី២នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់រួមមាន៖
*ទី១៖ ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី១ និងផែនការទិសដៅអាណត្តិទី២ (២០១៩-២០២៥)
*ទី២៖ បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី២ ព្រមទាំងសមាជិក និងសមាជិកបំរ៉ុង ជំនួសប្រធានគណៈកម្មាធិការសាខា និងសមាជិកដែលបានផ្ទេរភារកិច្ច។
*៣៖ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា។
នាឱកាសសន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី២ ដែលមានសមាសភាពចំនួន១៥រូប ក្នុងនោះពេញសិទ្ធ១៣រូប និងបំរ៉ុង២រូប។
ក្នុងនោះ អង្គសន្និបាតអាណត្តិទី២ បានបោះឆ្នោតជ្រើសរើស លោក ជាម ច័ន្ទសោភ័ណ ជាប្រធានគណៈកម្មាធិការសាខា, លោក ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោក គន់ សុភា និងលោក កែវ វណ្ណៈ ជាអនុប្រធាន, លោក សុខ ភក្តី ហេរញ្ញិក និង លោក ម៉ៅ ឌុង ជាលេខាធិការគណៈកម្មាធិការសាខា។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី២នេះ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា
ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។ លើសពីនេះ អនុវត្តនូវវិស័យស្នូលទាំង៤រួមមាន ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាព សហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។
យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ, រក្សាសាមគ្គីភាពក្នុងជួរ គណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មាតីទទួលខុសត្រូវខ្ពស់ និងដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឲ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
ថ្លែងនាឱកាសនោះ លោកស្រី ពុំ ចន្ទីនី បាននាំអនុសាសន៍សំខាន់ៗរបស់ សម្តេចប្រធាន ផ្ញើជូនគណៈកម្មាធិការសាខា ដែលពិតជាលើកកម្ពស់ស្មារតី ទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្តាល យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្ររបស់សមាគមជាតិ បន្តអភិបាលដឹកនាំ តម្រង់ទិសដល់ក្រុមប្រតិបត្តិ ដល់គ្រប់អនុសាខា ឲ្យខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម អនុវត្តដោយឯកភាព និងជួយគ្នាទៅវិញទៅមក។
ជាពិសេសបន្តធ្វើការកសាង និងបង្កើនសមត្ថភាពក្រុមប្រតិបត្តិ បំពាក់បំប៉នការគោរពតួនាទី ភារកិច្ច បែងចែកការទទួលខុសត្រូវរបស់ គណៈកម្មាធិការ សាខា-អនុសាខា ឲ្យបានច្បាស់លាស់ពង្រឹងការអភិវឌ្ឍឱ្យឈានឡើង ធ្វើឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ហើយសក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងដែនដី នៃខេត្តត្បូងឃ្មុំនេះ៕