(ភ្នំពេញ)៖ ស្ត្រីម្នាក់បានឈ្លោះគ្នាជាមួយប្តី រួចក៏បានផ្ញើសារទៅប្តីរបស់ខ្លួនមុននឹងលោតសម្លាប់ខ្លួន ពីលើចំណតរថយន្តជាន់ទី៥ នៃអគារផ្សារទំនើប Aeon Mall ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ដ៏រន្ធត់ និងភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ នៅខាងកើតចំណតរថយន្តជាន់ទី៥ ផ្សារទំនើប Aeon Mall ផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សុខ អេង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ១០ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអធិការខណ្ឌ បានបន្តទៀតថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកថា មានករណីប្រទះឃើញមនុស្សស្រីម្នាក់ បានលោតសម្លាប់ខ្លួនពីលើចំណតរថយន្តជាន់ទី៥ នៃអគារផ្សារទំនើប Aeon Mall ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានចុះមកដល់ទីតាំងកើតហេតុ រួចក៏រាយការណ៍ទៅផ្នែកជំនាញខណ្ឌ និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យចុះមកដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសាកសពរបស់ស្ត្រីរងគ្រោះខាងលើ។

ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងធ្វើការត្រួតពិនិត្យ ទៅលើសាកសពរបស់ស្ត្រីរងគ្រោះខាងលើ ដោយបានរកឃើញទូរស័ព្ទដៃ មួយគ្រឿង ម៉ាកសាំងសុង ដែលមានលេខទូរស័ព្ទ 012 77 62 06 ហើយសមត្ថកិច្ចបានស្រាវជ្រាវ ក៏ឃើញឆាតរបស់ស្ត្រីរងគ្រោះឆាតជាមួយប្តី។

បើតាមសម្ដីក្រុមគ្រួសារស្ត្រី បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានជំងឺសរសៃប្រសាទប្រមាណជាង ១ឆ្នាំមកហើយ ដោយមុនពេលធ្វើអត្តឃាតស្ត្រីរងគ្រោះ បានផ្ញើសារឆាតទៅប្តីរបស់ខ្លួនថា «អូនលាហើយ ជាតិក្រោយជួបគ្នា» រួចក៏លោតសម្លាប់ខ្លួនឯងតែម្តង។ បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើការប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល៕