Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រសៀលនេះ ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ត្រូវបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តក្រចេះ (Video inside)

17-08-2019 15:46

(ក្រចេះ)៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការបញ្ជូនឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ ទៅកាន់តុលាការហើយ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ នេះបើតាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារព័ត៌មាន Fresh News រាយការណ៍នៅមុននេះបន្ដិច។

សូមជម្រាបថា ឧកញ៉ា គង់ ក្រឹង និងកូនប្រសារបស់គាត់ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សម្រេចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសួរនាំពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ។ បន្ទាប់ពីឃាត់ខ្លួននេះ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរផ្ទះ នៅស្រុកស្នួល ខេត្តក្រចេះ។

ការឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ។ នេះបើតាម ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

លោកអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៉ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស៕