(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល រួមជាមួយក្រុមការងារបានឧបត្ថម្ភថវិកាចំនួន៣,៥០០,០០០រៀល ដល់លោកគ្រូ អ្នកគ្រូ បានបង្រៀនបំប៉នសិក្សាថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុននេះ។

ការផ្តល់ថវិកានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្តេចតេជោព្រែកអំបិល ក្នុងគោលបំណងនាំយកថវិកាឧបត្ថម្ភ ដល់គ្រូដែលរៀនបំប៉នដល់សិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ។

លោក កែវ រ៉េមី ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមសហការគ្នាជាធ្លុងមួយ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ របៀបរៀបរយ មានសិទ្ធិគ្រប់បែបយ៉ាង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឥស្សរជនផ្សេងៗទៀត ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ជូនជាតិ រយៈពេលជាង២០ឆ្នាំមកនេះ ឱ្យកាន់តែល្អបន្ថែមទៀត។

លោកបានបន្តថា សមិទ្ធផលនានាដែលកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជាពិត បានមកដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាព និងការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

លោក កែវ រ៉េមី ក៏បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែនដី មេឃុំភូមិក្នុងមូលដ្ឋានបន្តធ្វើអំពើល្អ បម្រើសេវាសាធារណៈ តាមតម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ និងបន្តអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជាឲ្យបានល្អ និងដោយស្មោះត្រង់ បន្តការអភិវឌ្ឍមូលដ្ឋាន ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីឲ្យដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ ដោះស្រាយឱ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។

ជាមួយគ្នានេះដែរ ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ លោក កែវ រ៉េមី នឹងដឹកនាំក្រុមការគ្រូពេទ្យស្ម័គចិត្ត ចុះមករៀបចំពិនិត្យ ព្យាបាលជំងឺជូនពួកគាត់នៅដើមខែក្រោយ ដើម្បីចូលរួមចំណែកសម្រាលការលំបាក របស់ពួកគាត់ផងដែរ៕