(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការវិនិយោគវិស័យអប់រំចំពោះកុមារតូចៗ ពិតជាមានសារសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលគំនិតច្នៃប្រឌិតជូនពួកគេ ដើម្បីក្លាយជាមនុស្សបន្តវេន ប្រកបដោយប្រសិទ្ធិភាព និងការរីកចម្រើន។

ការលើកឡើងរបស់លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការបានធ្វើឡើង នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសាលាអន្តរជាតិ យូ អេស អេ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ។

លោកស្រីបានបញ្ជាក់ថា «ការវិនិយោគលើវិស័យអប់រំមតេយ្យសិក្សា ជូនដល់កុមារតូច រហូតដល់ធម្យមសិក្សា ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យអប់រំនៅប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន និងសម្រេចគោលដៅចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានយកវិស័យអប់រំ ជាវិស័យអត្ថិភាព»

លោកស្រីបន្ថែមថា ក្នុងចំណោមនោះ ការចូលរួមការវិយោគការអប់រំ ពីសំណាក់សាលារៀនឯកជន លើមតេយ្យសិក្សាជូនដល់កុមារតូច នឹងធ្វើឱ្យពួកគេក្លាយជាអ្នកដឹកនាំ ប្រទេសបន្តវេន ឱ្យមានការលូតលាស់ទ្វេឡើង ហើយបើមិនយកចិត្តទុកដាក់ថែទាំទំពាំងដែលទើបនឹងដុះទេ ធ្វើឱ្យឬស្សីនោះលូតលាស់មិនបានល្អ ព្រមទាំងធ្វើឱ្យឬស្សីនោះពុកគ្មានយកទៅប្រើការកើតឡើយ។

រដ្ឋលេខាធិការក្រសួងរូបនេះបន្តថា ការមិនបណ្តុះគំនិតឆ្លៃប្រឌិត មិនផ្តល់អាហារូបត្ថម្ភ និងមិនផ្តល់បរិយាកាសការអប់រំ ជូនពួកគេតាំងពីតូចតាមគោលការណ៍ទេ ធ្វើឱ្យពួកគេមិនមានការលូតលាស់ទៅលើប្រាជ្ញាស្មារតី បានល្អប្រសើរឡើយ ដូច្នេះអ្វីដែលមានការចូលរួមពីសំណាក់សាលាឯកជន។ ការអប់រំមតេយ្យសិក្សាជូនកុមារតូច ពិតជាមានសារសំខាន់ ដើម្បីឱ្យពួកគេបានត្រៀមកាយ និងចិត្តព្រមទាំងបំនិនជីវិតរួចជាស្រេច ក្នុងការឈានទៅចូលរៀនថ្នាក់ទី១បន្ត។

បើតាមលោកស្រី គឹម សេដ្ឋានី កាលពី១០ឆ្នាំមុន ប្រទេសមួយចំនួននៅលើពិភពលោក គេមិនបានយកចិត្តទុកដាក់វិនិយោគលើមតេយ្យសិក្សា ជូនដល់កុមារតូចៗឡើយ ដោយភាគច្រើនពួកគេបានចាប់ផ្តើមវិនិយោគលើកុមារចាប់ពីចូលរៀនថ្នាក់ទី១ ឡើង ប៉ុន្ដែមកដល់ពេលនេះ ទាំងប្រទេសកម្ពុជា និងប្រទេសនៅលើពិភពលោក បានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំមតេយ្យសិក្សាជូនដល់កុមារតូច។ ការយកចិត្តទុកដាក់អភិវឌ្ឍធនធានកុមារតូចក្រោមអាយុ៦ឆ្នាំ នៅកម្រិតមតេយ្យសិក្សា ក៏ដូចជាកម្រិតបឋមសិក្សានាពេលបច្ចុប្បន្ននេះ គឺជាការងារអាទិភាព។

លោកស្រីបានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា តែងតែស្វាគមន៍ និងចាត់ទុកការរួមចំណែករបស់វិស័យឯក ក្នុងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារចាំបាច់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសនោះ នៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងមុំទី១ ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពទី១ នៅក្នុងចំណោមអាទិភាពទាំង៤ផងដែរ។

លោកស្រីបានបន្ថែមទៀតថា សម្រាប់នីតិកាលទី០៦ នៃរដ្ឋសភា ហើយសម្រាប់សទវត្សទី២១ នៃយុគសម័យបដិវត្តឧស្សាហកម្ម៤.០ សម្រាប់យុគសម័យនៃបច្ចេកវិទ្យា គឺការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕