(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារ សម្របសម្រួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី មាស លី មេបញ្ជាការរងអង្គភាពស្រាវជ្រាវព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទើបតែទទួលមរណភាព ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានធ្វើការនាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ក្រុមគ្រួសារសព និងបានផ្តាំផ្ញើឲ្យក្រុមគ្រួសារសព ធ្វើយ៉ាងណា ត្រូវខិតខំបន្តមើលថែក្រុមគ្រួសារទាំងមូលឲ្យបានកាន់តែប្រសើរឡើង បន្ទាប់ពីការបាត់បង់សមាជិក ដែលជាប្តីដ៏ល្អ ឪពុកដ៏ល្អ ជីតាដ៏ល្អសម្រាប់ក្រុមគ្រួសារ ដែលឃ្លាតឆ្ងាយ និងគ្មានថ្ងៃនឹងវិលត្រលប់មកវិញឡើយ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានបន្តទៀតថា អង្គភាពកងរាជអាវុធហត្ថ មានការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ សមាជិកដ៏ល្អមួយនេះ ពីជួរអង្គភាព កងរាជអាវុធហត្ថ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងថា ក្រោមការដឹកនាំនាយឧត្តមសេនីយ៍ សៅ សុខា កងរាជអាវុធហត្ថ ក្នុងការបង្កើតមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង គឺក្នុងគោលបំណង់ជួយសម្រួលទៅដល់ជីវភាព ក្រុមគ្រួសារអាវុធហត្ថពលី មរណៈ ដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ដែលជាបង្គោលក្នុងក្រុមគ្រួសារ និងមានបន្សល់សមាជិកនៅក្នុងបន្ទុកជាច្រើននាក់។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបន្ដទៀតថា ជានិច្ចជាកាលនាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាស់តឿន និងក្រើនរំលឹកទៅដល់មេបញ្ជាការ តាមបណ្តាអង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើការរស់នៅទាំងជីវភាព សុខមាលភាព របស់បងប្អូនដែលនៅក្រោមឱវាទទាំងអស់ ជាពិសេសនូវពេលដែលបងប្អូនកំពុងជួបនូវទុក្ខលំបាក ដូចជាពេលនេះជាដើម៕