(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ខ្លួន បានអំពាវនាវដល់បេក្ខជនប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ២០១៩ សូមទៅពិនិត្យលេខតុ លេខបន្ទប់ នៅមណ្ឌលប្រឡង នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា កុំបីអាក់ខាន។
ជាមួយគ្នានេះក្រសួងអប់រំក៏បាន ជំរុញឲ្យបេក្ខជនត្រូវប្រឡង ថែទាំសុខភាព សុំពរជ័យពីឪពុកម្តាយ ធ្វើដំណើរប្រយ័ត្ន ត្រៀមខ្លួនឲ្យបានល្អដើម្បីជោគជ័យ ក្នុងឱកាសប្រឡងរយៈពេល២ថ្ងៃ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់៕