(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបើកកិច្ចប្រជុំកំរិតខ្ពស់ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យប្រកាសនីយបត្រតក្កកម្ម និងឈានដល់ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកបណ្ឌិត Park Wonjoo ស្នងការអង្គភាពកម្មសិទ្ធិបញ្ញានៃប្រទេសកូរ៉េ ដើម្បីទទួលស្គាល់សារសំខាន់ នៃកិច្ចការពារប្រកាសនីយបត្រតក្កកម្ម (Patent) ក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសកល ដែលលើកទឹកចិត្តដល់ការវិនិយោគ និងជម្រុញភាពច្នៃប្រឌិតបច្ចេកវិទ្យា និងពិចារណាទៅលើភាពចាំបាច់នៃការគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពលលើចំនួនពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មអន្តរជាតិ ដែលបានកើនឡើងតាមតម្រូវការ និងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការអន្តរការិយាល័យ និងអនុវត្តភាពជាអ្នកដឹកនាំល្អ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសហប្រតិបតិ្តការ ទូទាំងពិភពលោកនៅក្នុងវិស័យប្រកាសនីយបត្រតក្កកម្ម។
ក្នុងអង្គពិធីនោះ ភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ រហូតឈានដល់ការចុះហត្ថលេខា សម្រាប់ជាផលប្រយោជន៍រួមផ្នែកសេដ្ឋកិច្ចរវាង កម្ពុជា-កូរ៉េ តាមរយៈការជម្រុញវិស័យវិនិយោគ ការផ្លាស់ប្ដូរបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផបច្ចេកវិទ្យាជាដេីម ។
ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ដិតទេសរដ្ឋមន្រី្តចម ប្រសិទ្ធ ក៏បានរំលឹកពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមកលេីវិស័យប្រកាសនីបត្រតក្កកម្ម ជាមួយប្រទេសមួយចំនួន រួមមានជាមួយប្រទេសសឹង្ហបុរី ជប៉ុន ចិន និងសហគមន៍អឺរ៉ុប ស្តីពីការចុះបញ្ជី និងការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសទាំងនោះនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការខាងលេី ចាប់តាំងពីឆ្នាំ ២០១៥ មក កម្ពុជាទទួលបានការដាក់ពាក្យចុះបញ្ជីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម បានចំនួន ៨១៦ និងបានពិនិត្យវាយតម្លៃប្រគល់ជូនបានចំនួន ១៥០ ប្រកាសនីយបត្រតក្កកម្ម ហេីយនៅពេលខាងមុខកម្ពុជា នឹងត្រៀមចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ថា ក្នុងអនុស្សរណ:យោគយល់គ្នា ក្នុងចំណុចមួយចំនួនបានចែងថា អនុស្សារណ:យោគយល់គ្នានេះ គឺសម្រាប់បង្កេីតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងគូភាគី ដេីម្បីអនុវត្តកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។
ក្រសួងឧស្សាហកម្មនិងសិប្បកម្មយល់ព្រមពន្លឿនផ្តល់ប្រកាសនីយបត្រតក្កកម្មក្នុងអំឡុងពេលបីខែបន្ទាប់ពីបានដាក់ពាក្យស្នើសុំតាមរយ:កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម ហេីយបំពេញតាមលក្ខខណ្ឌតម្រូវស្ថិតនៅក្រោមការត្រួតពិនិត្យដំបូង ដែលកំណត់ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ អនុស្សរណៈយោគយល់គ្នានេះ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ និងមានសុពលភាព០៥ ឆ្នាំ និងអាចបន្តជាស្វ័យប្រវត្តិចំនួន០៥ឆ្នាំទៅមុខបន្តបន្ទាប់ទៀតបេីគ្មានភាគីណាមួយជូនដំណឹងពីការមិនចង់បន្តសុពលភាពទៅមុខទៀត៕