(ព្រះសីហនុ)៖ រយៈពេលជិត៨ខែ ឆ្នាំ២០១៩នេះ មានជនជាតិចិនជិត ៧០០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា-ចិនចាប់ខ្លួន និងបញ្ជូនទៅកាន់ប្រទេសចិនវិញ។ នេះបើតាមការបញ្ជាក់របស់ លោក LIAO JINRONG លីវ ជីនរុង អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន។
ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល គណៈប្រតិភូក្រសួងសន្តិសុខចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោក គួច ចំរើន ជម្រាបពីស្ថានភាពភូមិសាស្រ្តខេត្ត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ធ្វើឲ្យវិនិយោគគិនចិន មកវិនិយោគនៅខេត្តព្រះសីហនុច្រើនជាងគេ។
លោកថា ក្រោមការដឹកនាំ របស់លោកប្រធានាធិបតីចិន ស៊ី ជីងពីង អនុវត្តនៅគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវាត់មួយ» និងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោនបាយចតុកោណ ធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងល្អ ទំហំពាណិជ្ជកម្មវិនិយោគមានការកើនឡើង មានការចាប់អារម្មណ៍ នៃលំហូរចូល នៃវិនិយោគិនចិន មកខេត្តព្រះសីហនុ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ពិសេសសេដ្ឋកិច្ចខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងខ្ពស់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខេត្តកំពុងមានការរីកលូត លាស់យ៉ាងឆាប់រហ័ស។
លោកអភិបាលខេត្តបន្ដទៀតថា ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ល្អ ស្រស់របស់កម្ពុជា មានឆ្នេរសមុទ្រសរស្អាត ហើយរយៈពេលពីរឆ្នាំចុងក្រោយនេះ ខេត្តបានប្រែក្លាយការអភិវឌ្ឍ ជាទីក្រុងសេដ្ឋកិច្ចពិសេសពហុមុខងារ មានសំណង់អគារខ្ពស់ៗ ការដឹកជញ្ជូនមានការកើនឡើង។ ការដឹកជញ្ជូនទេសចរ សម្ភារសំណង់ និងទំនិញផ្សេងៗទៀត តាមកំពង់ផែទឹកជ្រៅរបស់កម្ពុជា ជំរុញការដឹកជញ្ជូនយ៉ាងគំហុក ទន្ទឹមនោះខេត្តព្រះសីហនុ ក៏មានបញ្ហាប្រឈមធ្វើឲ្យខូចខាតផ្លូវថ្នល់។
លោក គួច ចំរើន ក៏បានលើកឡើងផងដែរថា ការប្រើប្រាស់ផ្លូវថ្នល់កាន់តែច្រើន សំរាម ទឹកកខ្វក់ ក៏មានការកើនឡើង ជាបញ្ហាប្រឈមដែលរដ្ឋបាលខេត្ត ត្រូវដោះស្រាយបញ្ហាទឹកកខ្វក់ ទឹកស្អាត ភ្លើង ដើម្បីឆ្លើយតបតាមតម្រូវការបំពេញបន្ថែម នៃកំណើនវិនិយោគយ៉ាងកំហុក ពិតជាបានចូលរួមចំណែកធ្វើឲ្យយើងមានលទ្ធភាព ក្នុងការកសាងតាមរយៈចំណូលពន្ធដារ ចំណូលថវិកាជាតិ និងថ្នាក់ក្រោមជាតិ មានការកើនឡើង។ ទន្ទឹមនោះ ការងារសន្តិសុខ ទាមទារឲ្យកងកម្លាំងរបស់យើងមានសមត្ថភាព និងមានកម្លាំងគ្រប់គ្រាន់ ក្នុងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព។
លោក LIAO JINRONG លីវ ជីនរុង ថ្លែងអំណរគុណរដ្ឋបាលខេត្ត អនុញ្ញាតឲ្យគណៈប្រតិភូចូលជួបពិភាក្សាការងារ ឈ្វេងយល់ពីស្ថានភាពទូទៅ របស់ខេត្តព្រះសីហនុ។ លោកថា ប្រទេសចិន និងកម្ពុជា មានកិច្ចសហប្រតិបត្តិការគ្នាល្អយូអង្វែង មកដល់បច្ចុប្បន្នចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងល្អជាងគេនៅលើពិភពលោក។
លោកបន្ដថា លោកប្រធានាធិបតីចិន ស៊ី ជីងពីង បានជួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជារៀងរាល់ឆ្នាំ ពិសេសនៅខែកុម្ភៈ សម្ដេចបានទៅទស្សនៈកិច្ច នៅប្រទេសចិន និងបានពិភាក្សាក្នុងការអនុវត្តច្បាប់សម្រាប់ឆ្នាំ២០១៩ រវាងចិន និងកម្ពុជា។ ការកសាងមិត្តភាពប្រទេសទាំងពីរ បង្កលក្ខណៈល្អ លើវិស័យទេសចរណ៍ សេដ្ឋកិច្ចជាដើម។
លោកក៏ថ្លែងអំណរគុណភាគីកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ចាប់បញ្ជូនខ្លួនជនសង្ស័យជនជាតិចិន ជាង៥០០នាក់ ត្រឡប់ទៅប្រទេសចិនវិញ ហើយម្សិលមិញ ក៏បានចាប់ខ្លួនជនសង្ស័យជនជាតិចិន នៅខេត្តព្រះសីហនុ ចំនួន១២៧នាក់បន្ថែមទៀត។ មានជនសង្ស័យជនជាតិចិន ជាង៧០០នាក់ ត្រូវបានចាប់ខ្លួននៅកម្ពុជា ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងក្រសួងមហាផ្ទៃ ធ្វើការងារបានល្អ។
លោកថា ខេត្តព្រះសីហនុ មានលក្ខខណ្ឌធនធានធម្មជាតិជាច្រើន មានក្រុមហ៊ុនចិន មកវិនិយោគនៅខេត្តព្រះសីហនុ ដោយសារមានធនធាន និងលក្ខខណ្ឌល្អ ជាច្រើនសម្រាប់ការវិនិយោគ។ ភាគីចិន នឹងបន្តការអប់រំ ផ្សព្វផ្សាយដល់ជនជាតិចិន មកវិនិយោគនៅខេត្ដព្រះ សីហនុ ត្រូវតែអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត។ លោកសង្ឃឹមថា សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការអភិវឌ្ឍកើនឡើង ប្រជាពលរដ្ឋមានជីវភាពកាន់តែល្អថែមទៀត នៅពេលខាងមុខ៕