(ព្រះវិហារ)៖ មានករណីគួរឱ្យខ្លាចផ្សារ និងអាណោចអាធ័មបផុតមួយបានកើតឡើង ក្នុងគ្រួសារដែលមានជីវភាពក្រីក្រី តែមជ្ជរាជលោកិយ៍បានផ្តាច់ជីវិត ប្តី-ប្រពន្ធមួយគូរនេះ ដោយសារឧបករណ៍ឆក់ត្រី ដែលពួកប្រើប្រាស់ ដើម្បីឆក់ត្រី យកទៅលក់ដូរប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនោះ បានស្លាប់ឱបគ្នាទាំងពីរនាក់ ដែលបានបន្សល់ទុកកូនស្រីអាយុ១ឆ្នាំ ឱ្យរស់នៅកំព្រាឯកកោគ្មានទីពឹង។
ហេតុការណ៍នេះ បានកើតឡើងនាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចប្រឡាយដង្កៀបក្តាម ខាងកើតភូមិបង្កន ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។
បើតាមលោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាធ្វើដំណើរទៅចំណុចកើតហេតុខាងលើ ដើម្បីឆក់ត្រី ប៉ុន្តែចៃដន្យបានឆក់ខ្លួនឯងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំង២នាក់។
លោកអធិការស្រុក បានបញ្ជាក់ថា ការដែលសមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធស្លាប់ ដោយសារឧបករណ៍ឆក់ត្រីនោះ ដោយសារនៅលើខ្នងជនរងគ្រោះជាប្តីមានជាប់ជាមួយអាគុយឆក់ត្រី ចំណែកសពប្រពន្ធដែលឱបពីលើនោះ គឺដោយសារឃើញប្តីឆក់ដួល ក៏ស្ទុះទៅជួយ ក៏បណ្តាលឱ្យឆក់ស្លាប់ទាំង២នាក់តែម្តងទៅ។
លោកវរសេនីយ៍ឯក សាយ ដេត បានបន្ថែមទៀតថា សពជនរងគ្រោះជាប្តីមានឈ្មោះ ឌិត ប៉ោន អាយុ២៥ឆ្នាំ ចំណែកសពស្ត្រី ជាប្រពន្ធមានឈ្មោះ ឡុង ភេន អាយុ២៣ឆ្នាំ រស់នៅភូមិបង្កន ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ មានកូនស្រីតូចម្នាក់ទើបតែមានអាយុ១ឆ្នាំ សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕