(ស្វាយរៀង)៖ លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានជួបពិភាក្សាលើការងារត្រួតពិនិត្យផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩។
កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងអបរំ យុវជន និងកីឡា អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា អភិបាលក្រុង-ស្រុក ដែលពាក់ព័ន្ធ នាយករងរដ្ឋបាលសាលាខេត្ត នាយកសាលាដែលជាទីតាំងមណ្ឌលប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះ ការរៀបចំមណ្ឌលប្រឡង រួមទាំងការស្នាក់នៅរបស់បេក្ខជន ដូចជាការត្រួតពិនិត្យអំពីតម្លៃផ្ទះជួល ផ្ទះសំណាក់ ឬសណ្ឋាគារ គឺមិនឱ្យមានការតម្លើងថ្លៃក្នុងពេលដែលបេក្ខជនមកស្នាក់នៅនោះទេ ចំពោះបេក្ខជនដែលគ្មានលទ្ធភាពក្នុងការជួលស្នាក់នៅ រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តរួមជាមួយ ព្រះគ្រូចៅអធិការវត្ត ក្នុងខេត្តមានចំនួន៥វត្ត ដើម្បីរៀបចំកន្លែងស្នាក់នៅរបស់បេក្ខជន។ ចំណែកការផ្ញើរកង់ម៉ូតូរបស់បេក្ខជនមកប្រឡង នៅតាមមណ្ឌលនីមួយៗក្នុងខេត្ត គឺមិនឱ្យបង់ប្រាក់នោះទេ ចំពោះការការពារសន្តិសុខសណ្តាប់ធ្នាប់តាមមណ្ឌលប្រឡង រដ្ឋបាលខេត្តបានចាត់ចែង និងត្រៀមលក្ខណះរួចហើយ។
លោក ថោង បូរ៉ាន់ បានថ្លែងការកោតសសើរ និងអរគុណចំពោះលោកអភិបាលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ លើកិច្ចការការងារ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨- ២០១៩ នៅខេត្តស្វាយរៀងដែលនឹងចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ។
សូមជម្រាបជូនថា សម្រាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ មានចំនួន៦មណ្ឌល រួមមានទី១៖ មណ្ឌលវិទ្យាល័យស្វាយរៀង ខាងត្បូង និង ខាងជើង (ក្រុងស្វាយរៀង), ទី២៖ មណ្ឌលសាលាគរុកោសល្យ និងវិក្រឹតការខេត្ត (ក្រុងស្វាយរៀង), ទី៣៖ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ចេក (ក្រុងស្វាយរៀង), ទី៤៖ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ (ស្រុកស្វាយជ្រំ), ទី៥៖ មណ្ឌលបឋមសិក្សាព្រះសីហនុ (ក្រុងស្វាយរៀង) និងទី៦៖ មណ្ឌលបឋមសិក្សា ២ធ្នូ (ក្រុងស្វាយរៀង)៕