Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេចឃុំខ្លួនបុរសបង្កើត Facebook ប្រើរូបមេធាវីស្ម័គ្រចិត្តតេជោសែន បោកប្រាស់អ្នកដទៃ ក្រោមបទចោទប្រកាន់២ករណី (Video inside)

17-08-2019 11:21

(ភ្នំពេញ)៖ ទីបំផុតបុរសដែលបង្កើត Facebook ប្រើរូបលោក ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន ដើម្បីបោកប្រាស់អ្នកដទៃ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ឃុន សូណា បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមការចោទប្រកាន់ចំនួន២ករណី។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News។

លោក គុជ គឹមឡុង បានឱ្យដឹងថា ជនសង្ស័យរូបនោះ មានឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ឆបោក និងបទយកអត្តសញ្ញាណតតិយជនដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ និងបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

នាពេលកន្លងទៅ ជនសង្ស័យខាងលើនេះបានលួចរូបថត លោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន យកទៅបង្កើតគណនី Facebook ដើម្បីបោកប្រាស់អ្នកដទៃរហូតដល់មាន គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi បានបង្ហោះរូបលោកមេធាវី និងសារមួយចំនួនទម្លាក់កំហុស មកលើលោកមេធាវី ដោយមិនដឹងមូលហេតុថែមទៀត។

ករណីនេះ លោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែនក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំទាំងអស់ និងសាធារណជនកុំឱ្យមានការភាន់ច្រឡំបន្ដទៀត ព្រោះអ្នកប្រើប្រាស់គណនី Facebook ទាំងនេះ បានក្លែងបន្លំរូបលោកតែប៉ុណ្ណោះ។

លុះនានៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩ លោកមេធាវី ប៊ុន ហួន ក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរកជនបង្ក នៅនាយកដ្ឋានប្រឆ្នាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយស្រាវជ្រាវតែម្តង៕